អាជ្ញាធរប៊ុលហ្គារី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារអនុវត្តច្បាប់ដែលធ្វើការនៅក្នុងប្រទេសជាច្រើន បានរុះរើបណ្តាញឧក្រិដ្ឋកម្មដ៏ស្មុកស្មាញមួយ ដែលជួញដូរវត្ថុវប្បធម៌ដែលត្រូវបានលួច នៅទូទាំងទ្វីបអឺរ៉ុប។
រដ្ឋអាជ្ញាប៊ុលហ្គារីលោក Angel Kanev បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រតិបត្តិការសម្របសម្រួលមួយដែលគ្របដណ្តប់លើប្រទេសចំនួន ៧ ដែលធ្វើការជាមួយទីភ្នាក់ងារ Eurojust និង Europol បាននាំឲ្យមានការចាប់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ដែលជាប់ទាក់ទងនឹងក្រុមរត់ពន្ធដែលកំពុងព្យាយាមលក់វត្ថុបុរាណរាប់ពាន់ដែលត្រូវបានលួចពីសារមន្ទីរ នៅទូទាំងទ្វីបអឺរ៉ុប។ មនុស្សប្រហែល ២០នាក់ ប្រឈមនឹងការចោទប្រកាន់ពីបទជួញដូរវត្ថុបុរាណនិងការលាងលុយកខ្វក់។

លោក Kanev បាននិយាយថា ក្រុមឧក្រិដ្ឋជននេះ បានប្រតិបត្តិការនៅអឺរ៉ុបខាងលិច តំបន់បាល់កង់ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត អស់រយៈពេលជាង ១៦ឆ្នាំ មកហើយ។ ការស៊ើបអង្កេតលើការលាងលុយកខ្វក់រហូតមកដល់ពេលនេះ បានកំណត់អត្តសញ្ញាណមូលនិធិខុសច្បាប់ជាងមួយពាន់លានដុល្លារ។
កាលពីពុធ អាជ្ញាធរតុលាការ និងអាជ្ញាធរអនុវត្តច្បាប់មកពីប្រទេសអាល់បានី ប៊ុលហ្គារី បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី និងចក្រភពអង់គ្លេស បានអនុវត្តសកម្មភាពសម្របសម្រួល នៅក្នុងប្រទេសរៀងៗខ្លួន៕
