ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានកាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ថា អ៊ុយក្រែនប្រឈមនឹងការបាត់បង់ភាពថ្លៃថ្នូរ និងសេរីភាពរបស់ខ្លួន បើពុំនោះសោតនឹងបាត់បង់ការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដោយសារតែផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកក្នុងការយល់ព្រមចំពោះការទាមទារសំខាន់ៗរបស់រុស្ស៊ី ជាសំណើមួយដែល លោក Donald Trump បាននិយាយថា ទីក្រុងគីវគួរតែទទួលយកក្នុងសប្តាហ៍នេះ។

ផែនការ២៨ចំណុចរបស់ទីក្រុងវ៉ាស៊ីនតោន អំពាវនាវឱ្យអ៊ុយក្រែនប្រគល់ទឹកដី ទទួលយកការកំណត់ចំពោះយោធារបស់ខ្លួន និងលះបង់មហិច្ឆតាក្នុងការចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ វាក៏មានសំណើមួយចំនួនទៀតដែលទីក្រុងមូស្គូអាចជំទាស់ និងចំពោះការទាមទារឱ្យកងកម្លាំងរបស់ខ្លួនដកថយចេញពីតំបន់មួយចំនួនដែលពួកគេបានចូលកាន់កាប់ នេះបើយោងតាមសេចក្តីព្រាងមួយដែលបានឃើញដោយ សារព័ត៌មាន Reuters។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកាលពីពេលមុនបានបដិសេធមិនព្រមផ្លាស់ប្តូរការទាមទារទឹកដី និងសន្តិសុខសំខាន់ៗរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ផែនការរបស់សហរដ្ឋអាមេរិក អាចជាមូលដ្ឋាននៃដំណោះស្រាយចុងក្រោយក្នុងជម្លោះជិតបួនឆ្នាំមកនេះ។

លោកបាននិយាយថា ទីក្រុងគីវប្រឆាំងនឹងផែនការនេះ ប៉ុន្តែទាំងទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនមិនយល់ពីការពិតនៃការរុលទៅមុខរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។
លោក Zelenskyy ធ្លាប់បានច្រានចោលលក្ខខណ្ឌនានានៃផែនការនេះកាលពីពេលមុនថាជាការចុះចាញ់ ដោយបានអំពាវនាវដល់ប្រជាជនអ៊ុយក្រែនឲ្យមានសាមគ្គីភាព និងបាននិយាយថាលោកនឹងមិនក្បត់អ៊ុយក្រែនឡើយ។