អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានជំរុញឲ្យសហរដ្ឋអាមេរិកដក ទណ្ឌកម្មរបស់ខ្លួនលើប្រទេសគុយបា ដោយនិយាយថា ទណ្ឌកម្មទាំងនោះ កំពុងប៉ះពាល់ដល់ប្រជាជនទាំងមូលនៃកោះនេះ ដោយប៉ះពាល់ដល់វិស័យនានា រួមទាំងការថែទាំសុខភាព អាហារូបត្ថម្ភ និងការអប់រំផងដែរ។

លោកស្រី Alena Douhan អ្នករាយការណ៍ពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់លោកស្រីទៅកាន់ប្រទេសគុយបា លើកដំបូងរបស់លោកស្រី គឺនៅឆ្នាំ ២០២៣ ហើយលោកស្រីបានសង្កេតឃើញការធ្លាក់ចុះបន្ថែមទៀតនៃគ្រប់វិស័យទាំងអស់ ដោយសារតែវិធានការតឹងរ៉ឹងដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន។

លោកស្រីបាននិយាយថា៖«សម្រាប់សហគមន៍ដែលមានប្រាក់ចំណូលទាប អតិផរណាខ្ពស់ ក៏ដូចជាកង្វះខាតធនធានធ្វើឲ្យពួកគេមានការពិបាកខ្លាំងណាស់ក្នុងការប្រកបរបរចិញ្ចឹមជីវិតបានត្រឹមត្រូវ» ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិកឈប់ប្រើប្រាស់ទណ្ឌកម្ម និង«ការរឹតបន្តឹងសម្ពាធអតិបរមា»។
នៅចុងខែតុលា មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតយ៉ាងច្រើនលើសលប់ ដើម្បីជំទាស់នឹងបម្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទៅលើប្រទេសគុយបាសម្រាប់ឆ្នាំទី ៣៣។
ចាប់តាំងពីឆ្នាំ ២០២០មក ប្រទេសគុយបា បានតស៊ូដោះស្រាយវិបត្តិសេដ្ឋកិច្ច និងថាមពល។ ផលិតផលក្នុងស្រុកសរុបរបស់ខ្លួន បានធ្លាក់ចុះ ហើយប្រជាជនចំនួន ១០ លាននាក់របស់ខ្លួន បានស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនី កង្វះខាតស្បៀងអាហារ និងអតិផរណា។ មន្ត្រីគុយបាបានស្តីបន្ទោសការរឹតបន្តឹងសេដ្ឋកិច្ចទៅលើការបិទប្រទេស ដោយសារជំងឺកូវីដ ទណ្ឌកម្មកាន់តែតឹងរ៉ឹងរបស់សហរដ្ឋអាមេរិក និងកត្តាផ្សេងៗទៀត៕