ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលករចំណាកស្រុកដែលទើបវិលត្រឡប់មកពីប្រទេសថៃ កំពុងរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
មានប្រសាសន៍ទៅកាន់បងប្អូនពលករ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបងប្អូនស្វែងរកការងារធ្វើនៅក្នុងស្រុកវិញ ដោយបច្ចុប្បន្ន ប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តត្បូងឃ្មុំ មានតម្រូវការកម្លាំងពលកម្មជំនាញជាច្រើន នៅតាមបណ្តាក្រុមហ៊ុន និងសហគ្រាសនានា។ ក្នុងនោះប្រសិនបើបងប្អូនមិនទាន់មានជំនាញ អាចចុះឈ្មោះរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដើម្បីមានជំនាញច្បាស់លាស់ ងាយស្រួលទទួលបានឱកាសការងារល្អៗក្នុងស្រុក។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាការពារបូរណភាពទឹកដី ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានភាពជឿជាក់ និងគាំទ្រចំពោះយុទ្ធសាស្ត្រ "ស្ងាត់ តែមិនស្ងៀម" របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបញ្ហាការឈ្លានពានទឹកដីពីសំណាក់កងទ័ពសៀម។ ឯកឧត្តមបានគូសបញ្ជាក់ថា ការដឹកនាំប្រកបដោយភាពប្រាកដនិយម និងភាពអត់ធ្មត់នេះ បានធ្វើឱ្យពិភពលោកកោតសរសើរ និងនាំមកនូវជោគជ័យជូនជាតិមាតុភូមិ។
សូមជម្រាបថា សម្រាប់ពលករដែលវិលមកពីប្រទេសថៃ គឺត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ដែលតែងជួបសួរសុខទុក និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនដើម្បីជួយសម្រួលដល់ការចំណាយក្នុងគ្រួសារប្រចាំថ្ងៃ ក្នុងនោះក៏ជម្រុញ និងលើកទឹកចិត្តឲ្យស្វែងរកការងារក្នុងស្រុកធ្វើ ពិសេសជម្រុញឳ្យមកចុះឈ្មោះចូលរៀនជំនាញអ្វីមួយដែលខ្លួនពេញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តផងដែរ៕ ដោយ៖ ជឹង សេងឡុង








