ឆ្នាំ២០២៥នេះ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នឹងប្រារព្ធឡើងក្រោមមូលបទសកល៖ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍»។ ដើម្បីចូលរួមទិវានេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំវេទិកាបញ្ចេញទស្សនៈ ស្ដីពី «កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍» ដោយមានការបកស្រាយពីវាគ្មិនដែលជាប្រជាជនគន្លឹះ ចំនួន ៤រូប។

វេទិកានេះ បានធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែល ធី អន្តរជាតិ (សាខាទី២ ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ព្រមទាំងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈទីប្រឹក្សាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល, តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីរស្បែក និងកាមរោគ, គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងយុវជនស្ម័គ្រចិត្តនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានសរុបប្រមាណ ៦១០នាក់។

កម្មវិធីខាងលើនេះ បានដំណើរការក្រោមការសម្របសម្រួល និងដឹកនាំវេទិកាបញ្ចេញទស្សនៈដោយ លោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានគណៈវាគ្មិនចំនួន ៤រូប រួមមានលោកស្រី ព្រុំ ដាលីស អ្នកគ្រប់គ្រងកម្មវិធីបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា (CPN+), អ្នកនាង ម៉ាត់ តើតម៉ីស៊ី ប្រធានបណ្តាញចតុមុខ BC, លោកស្រី អ៊ុក សុម៉ាល័យ ប្រធានបណ្តាញស្ត្រីធ្វើការតាមសេវាកម្សាន្ត, និងលោក ខុម ដាវិត បុគ្គលិកសហគមន៍។
ក្នុងមតិសំណេះសំណាល និងបើកវេទិកាបញ្ចេញទស្សនៈខាងលើនេះ, ឯកឧត្ដម យូ ឡាណា បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអង្គវេទិកាទាំងមូល និងបានគូសបញ្ជាក់ពីខ្លឹមសារ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» មានន័យថា យើងត្រូវតែនាំគ្នាជំរុញឱ្យអ្នកដែលបានឆ្លងមេរោគអេដស៍ ឆាប់ទទួលបានការព្យាបាល ដោយឱសថប្រឆាំង មេរោគអេដស៍បានត្រឹមត្រូវ, ជួយការពារនិងពង្រីកសេវាធ្វើតេស្តរកមេរោគអេដស៍, ធ្វើឱ្យប្រាកដនៃចង្វាក់ផ្គត់ផ្គង់ឱសថ និងឧបករណ៍បរិក្ខារ, លើកកម្ពស់ឱ្យមានការចូលរួមកាន់តែខ្លាំងថែមទៀតពីសហគមន៍ដែលរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍, ពង្រីកសេវាបង្ការឱ្យបានកាន់តែទូលំទូលាយ, ប្រើដំណោះស្រាយឌីជីថល និងកសាងនូវប្រព័ន្ធភាពធន់សុខភាពរបស់សហគមន៍។ល។

ជាមួយគ្នានេះ ឯកឧត្ដមអគ្គលេខាធិការរងទី២ ក៏បានអានជូនអង្គពិធីទាំងមូលត្រងត្រាប់នូវខ្លឹមសារទាំងស្រុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដោយបានរំលេចនូវចំណុចសំខាន់ៗក្នុងការអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសយុវជនក្នុងការបង្ការខ្លួនពីមេរោគអេដស៍។
បន្ថែមពីនេះ អង្គពិធីក៏បានត្រងត្រាប់នូវបាឋកថារបស់ ឯកឧត្ដមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ស្តីពី ការលើកកម្ពស់ចំណេះដឹង និស្សិតឱ្យមានសមត្ថភាព និង “ឥរិយាបទវិជ្ជមាន” ចំពោះជំងឺអេដស៍ និងជំងឺមិនឆ្លងប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ជាពិសេសដំណើរការនៃការអភិវឌ្ឍភាពជាមនុស្សប្រកបដោយភាពវិជ្ជមាន ដេីម្បីក្លាយជាមូលធនមនុស្សរបស់សង្គមជាតិ។
សូមជម្រាបជូនថា ខ្លឹមសារទាំងស្រុងនៃវេទិកាបញ្ចេញទស្សនៈនេះ នឹងចាក់ផ្សាយទាំងស្រុងតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គមនានា នៅថ្ងៃទី៣០ ខែវិច្ឆិកា, ថ្ងៃទី១ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥៕







