ប្រភពពីក្រុមមន្រ្តីអាមេរិក ៤រូបបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា) ថា ទីក្រុងវ៉ាស៊ីនតោន គ្រោងបើកដំណាក់កាលថ្មីមួយនៃប្រតិបត្តិការទាក់ទងនឹងវ៉េណេស៊ុយអេឡា នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈរដ្ឋបាលលោកប្រធានាធិបតី Donald Trump បង្កើនសម្ពាធលើរដ្ឋាភិបាលរបស់មេដឹកនាំវ៉េណេស៊ុយអេឡា Nicolas Maduro។
ពុំទាន់មានការបញ្ជាក់ផ្លូវការឡើយលើពេលវេលាជាក់លាក់ ឬទំហំនៃប្រតិបត្តិការថ្មី ឬក៏ថា តើលោក Trump សម្រេចចិត្តចុងក្រោយរួចហើយឬនៅ លើវិធានការណាមួយ។ មន្ទីរបញ្ចកោណបានរុញសំណួរទាក់ទងនឹងរឿងនេះទៅឱ្យសេតវិមាន ចំណែកអង្គភាពចារកម្ម CIA បដិសេធមិនធ្វើការអត្ថាធិប្បាយ។

យ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ពីសកម្មភាពដែលជិតមកដល់នេះ បានវិលវល់អស់ជាច្រើនសប្ដាហ៍មកហើយ ខណៈយោធាអាមេរិក បានបង្កើនវត្តមានយ៉ាងច្រើននៅតំបន់ការ៉ាអ៊ីប ស្របពេលទំនាក់ទំនងកាន់តែអាក្រក់ជាមួយវ៉េណេស៊ុយអេឡា។ ប្រភពរបស់រ៉យទ័រ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ប្រតិបត្តិការសម្ងាត់ទាំងនេះនឹងជាផ្នែកដំបូងនៃចំណាត់ការថ្មីប្រឆាំងនឹងលោក Maduro។
កាលពីថ្ងៃសៅរ៍ មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកមួយរូប មិនបានច្រានចោលអ្វីទាំងអស់ទាក់ទងនឹងវ៉េណេស៊ុយអេឡា។ មន្ត្រីរូបនេះនិយាយថា "លោកប្រធានាធិបតី Trump ត្រៀមលក្ខណៈប្រើប្រាស់គ្រប់ធាតុនៃអំណាចរបស់អាមេរិក ដើម្បីបញ្ឈប់គ្រឿងញៀន មិនឱ្យហូរចូលអាមេរិកតទៅទៀត និងដើម្បីនាំខ្លួនអ្នកទទួលខុសត្រូវលើរឿងនេះ មកនៅក្រោមច្បាប់"។
គួរឱ្យដឹងថា រដ្ឋបាលលោក Trump បានថ្លឹងថ្លែងលើជម្រើសមួយចំនួនទាក់ទងនឹងវ៉េណេស៊ុយអេឡា ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជា តួនាទីរបស់លោក Maduro ក្នុងការផ្គត់ផ្គង់គ្រឿងញៀនខុសច្បាប់ ដែលសម្លាប់ជនជាតិអាមេរិកអស់ជាច្រើន។ មេដឹកនាំវ៉េណេស៊ុយអេឡារូបនេះបដិសេធម្ដងហើយម្ដងទៀតថា លោកពុំមានទំនាក់ទំនងជាមួយក្រុមគ្រឿងញៀនខុសច្បាប់ទាំងនោះទេ៕

