ឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេសស៊ូដង់ បានបដិសេធសំណើបទឈប់បាញ់ដែលផ្តល់ដោយអ្នកសម្របសម្រួលដឹកនាំដោយសហរដ្ឋអាមេរិកថា ជា «អាក្រក់បំផុត» ដែលជាការបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់សង្គ្រាមដ៏សាហាវ ដែលបានគ្របដណ្ដប់ប្រទេសអាហ្វ្រិកនេះ អស់រយៈពេលជាង ៣០ ខែមក ហើយ។
នៅក្នុងការអត្ថាធិប្បាយតាមវីដេអូដែលចេញផ្សាយដោយយោធាកាលពីល្ងាចថ្ងៃអាទិត្យ លោកឧត្តមសេនីយ៍ Abdel-Fattah Burhan បាននិយាយថា សំណើនេះ មិនអាចទទួលយកបានទេ ដោយចោទប្រកាន់អ្នកសម្របសម្រួលថា «មានភាពលម្អៀង» ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបញ្ចប់សង្គ្រាមនេះ។

ប្រទេសស៊ូដង់ បានធ្លាក់ចូលទៅក្នុងភាពវឹកវរក្នុងខែមេសា ឆ្នាំ ២០២៣ នៅពេលដែលការតស៊ូដណ្តើមអំណាចរវាងយោធា និងកងកម្លាំងគាំទ្ររហ័សដ៏មានឥទ្ធិពល បានផ្ទុះឡើងទៅជាការប្រយុទ្ធគ្នាដោយបើកចំហ នៅក្នុងរដ្ឋធានីខាទុំ ( Khartoum) និងកន្លែងផ្សេងទៀត នៅក្នុងប្រទេសនេះ។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ សង្គ្រាមដ៏បំផ្លិចបំផ្លាញនេះ បានសម្លាប់មនុស្សជាង ៤០.000នាក់ ប៉ុន្តែក្រុមជំនួយនិយាយថា ចំនួននេះ មិនទាន់រាប់មិនអស់ទេ ហើយចំនួនពិតប្រាកដ អាចខ្ពស់ជាងនេះច្រើនដង។ ជម្លោះនេះ បានបង្កើតវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ដោយមានមនុស្សជាង ១៤ លាននាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង ជំរុញឲ្យមានការផ្ទុះឡើងនៃជំងឺ និងរុញច្រានផ្នែកខ្លះនៃប្រទេសនេះ ឲ្យធ្លាក់ចូលទៅក្នុងទុរ្ភិក្ស៕
