នៅថ្ងៃចន្ទនេះ ពលរដ្ឋអ៊ុយក្រែន បានបង្ហាញភាពពុំច្បាស់លាស់របស់ពួកគេថា កិច្ចប្រជុំសន្តិភាពនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រវាងទីក្រុងគីវ សហរដ្ឋអាមេរិក និងដៃគូអឺរ៉ុប នឹងអាចបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីឬយ៉ាងណានោះទេ ។
អ្នកស្រុកជាច្រើនរូបនិយាយថា ពួកគេមានការព្រួយបារម្ភថា សំណើស្ថិតក្នុងកិច្ចពិភាក្សា អាចនឹងធ្វើឲ្យអ៊ុយក្រែនចុះខ្សោយ បន្ទាប់ពីសំណើច្បាប់ដំបូងត្រូវបានគេរាយការណ៍ថា រួមបញ្ចូលទាំងការកាត់ទឹកដី និងកំហិតមហិច្ឆិតាយោធារបស់ទីក្រុងគីវ ។

ស្របពេលដែលពលរដ្ឋខ្លះទៀត ស្វាគមន៍ការចូលរួមរបស់អន្តរជាតិ ពលរដ្ឋផ្សេងទៀត បង្ហាញនូវភាពពុំច្បាស់លាស់របស់ពួកគេចំពោះការឈានដល់កិច្ចព្រមព្រៀងណាមួយ ដោយពួកគេលើកឡើងពីបរាជ័យកាលពីពេលកន្លងទៅ ក្នុងការទទួលបានលទ្ធផលជាផ្លែផ្កានោះ។
លោក Andriy Yermak គឺជាអ្នកចរចាដ៏សំខាន់មួយរូបរបស់អ៊ុយក្រែន និងជាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានរៀបរាប់ថា កិច្ចប្រជុំនេះ ទទួលបានលទ្ធផលជាផ្លែផ្កាច្រើន ហើយលោកសន្យាបន្តកិច្ចពិភាក្សា ។
លោកប្រធានាធិបតី Volodymyr Zelenskiy និយាយថា អ៊ុយក្រែននឹងបន្តធ្វើការជាមួយដៃគូ ដើម្បីពង្រឹងសំណើរបស់សហរដ្ឋអាមេរិក ហើយនិងធានាការទទួលខុសត្រូវសម្រាប់រុស្ស៊ី ៕
