សម្ដេចធិបតី​បញ្ជាក់បីចំណុចជូនដល់ជនរួមជាតិពាក់ព័ន្ធការវាស់វែង និងការបោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្នកម្ពុជា និងថៃ

2025/11/25 05:45:02 pm        193

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារបញ្ជាក់ចំនួនបីចំណុច ជូនចំពោះបងប្អូនជនរួមជាតិពាក់ព័ន្ធការវាស់វែង និងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា និងថៃ។

សម្ដេចធិបតីបានបញ្ជាក់ថា បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។

សម្ដេចធិបតីបានរម្លឹកថា សម្ដេចធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។

សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។

ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែង និងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។

សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា សម្ដេចបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។ សម្ដេចបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន៖

១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ?

សម្ដេចធិបតីបានបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។

កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។

ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។

២. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ?

ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។

៣. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី?

សម្ដេចបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។

សម្ដេចធិបតីបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។

កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។

ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។

ជាថ្មីម្តងទៀត សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm