មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងឱ្យដឹងថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាមេរិក ដោយបានផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់ សម្រាប់វិនិយោគិនបរទេស ផលិតដើម្បីការនាំចេញទៅសហរដ្ឋអាមេរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបជាមួយគណៈប្រតិភូ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោក YAMADA Yasuhiro មន្ត្រីជាន់ខ្ពស់ផ្នែកគោល នយោបាយ ដើម្បីធ្វើការរាយការណ៍ជូនអំពីវឌ្ឍនភាពនៃការសិក្សា សមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥, ឯកឧត្តមបានគូសបញ្ជាក់អំពីកាលានុវត្តភាពថ្មីនៃការវិនិយោគនៅកម្ពុជា ជាពិសេសភាព ជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាមេរិក ដែលបានផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់ វិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុនផងដែរ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលលំហូរភស្តុភារកម្ម កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងធានាបាននូវការតភ្ជាប់ផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ ERIA ក្នុងការសិក្សាដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការសម្រេចចិត្តលើការអនុវត្តគម្រោងនាពេលអនាគត ព្រមទាំង បានសម្តែងនូវអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ ERIA និងបានលើកទឹកចិត្តឱ្យក្រុមការងារ បន្តកិច្ចសហការឱ្យបាន ជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឱ្យគម្រោងនេះបន្តបោះជំហានទៅមុខដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជា និង ERIA បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិស្ថានល្អ ដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅ លើចំណុចគន្លឹះនានា ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតងនេះ នឹងអាចរួមចំណែកទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយគុណភាពខ្ពស់ ព្រមទាំងផ្ដល់នូវឱកាសការងារ និងការផ្ទេរបច្ចេកវិទ្យាទំនើបពាក់ព័ន្ធ ដែលនឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមស្តង់ដារអភិវឌ្ឍន៍បៃតងជាសកល៕ អត្ថបទ៖ សុន រ៉ាឌី



