ប្រជាជនអ៊ីស្រាអែលនៅភាគខាងជើងប្រទេសអ៊ីស្រាអែល តាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់ បានសម្តែងការព្រួយបារម្ភ ប៉ុន្តែក៏មានសុទិដ្ឋិនិយមផងដែរកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា បន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់មេដឹកនាំយោធាក្រុមហេសបូឡាក្នុងការវាយប្រហារមួយនៅទីក្រុងបេរូត កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ដែលបង្កឱ្យមានការព្រួយបារម្ភថាបទឈប់បាញ់រយៈពេលមួយឆ្នាំនឹងដួលរលំ។

ខណៈហ្វូងមនុស្សយ៉ាងច្រើនបានចូលរួមក្នុងពិធីបុណ្យសពរបស់នាយសេនាធិការស្តីទីក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ លោក Ali Tabtabai នៅទីក្រុងបេរូត ព្រំដែនដ៏ច្របូកច្របល់ជាមួយអ៊ីស្រាអែល ហាក់ដូចជាមានភាពស្ងប់ស្ងាត់ ហើយប្រជាជនក្នុងតំបន់បានពិពណ៌នាអំពីស្ថានភាពថា «ដូចធម្មតា» ហើយពួកគេនៅតែជឿជាក់ក្នុងការរស់នៅរបស់ពួកគេ ក្នុងតំបន់នោះ។

ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមន្ត្រីយោធាជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធហេសបូឡា កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីមួយឆ្នាំមុនក៏ដោយ វាជាការវាយប្រហារលើកដំបូងនៅជាយក្រុងនៃរដ្ឋធានីប្រទេសលីបង់ ក្នុងរយៈពេលជាច្រើនខែមកនេះ។
លោក Mamoud Omati មន្ត្រីក្រុមហេសបូឡាបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែលបានឆ្លង «ខ្សែបន្ទាត់ក្រហម» និងបាននិយាយបន្ថែមថា ថ្នាក់ដឹកនាំក្រុមហេសបូឡា នឹងសម្រេចថាតើក្រុមនេះនឹងឆ្លើយតបឬយ៉ាងណា និងថាតើត្រូវឆ្លើយតបដោយរបៀបណា។