ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ថៃ បាននិយាយនៅថ្ងៃអង្គារ (២៥ វិច្ឆិកា) នេះថា ទឹកជំនន់ដ៏រីករាលដាលនៅទូទាំងខេត្តចំនួន៩ ភាគខាងត្បូងប្រទេសថៃ បានឆក់យកជីវិតមនុស្ស ១៣នាក់ហើយ ជាមួយនឹងមនុស្សជិត ២លាននាក់ បានរងផលប៉ះពាល់។

ទឹកជំនន់ជម្រៅត្រឹមចង្កេះ ដែលកើតឡើងតាំងពីថ្ងៃទី២២ ខែវិច្ឆិកា មក បានរំខានដល់ជីវិតប្រចាំថ្ងៃក្នុងខេត្តមួយចំនួនរួមមាន ខេត្ត Surat Thani ខេត្ត Nakhon Si Thammarat ខេត្ត Trang ខេត្តPhatthalung ខេត្ត Satun ខេត្ត Songkhla ខេត្ត Pattani ខេត្ត Yala និងខេត្ត Narathiwat។ អាជ្ញាធរមូលដ្ឋាននៅទីនោះបានបញ្ជាឱ្យជម្លៀសចេញពីតំបន់ទំនាប ដើម្បីកាត់បន្ថយការខាតបង់ ខណៈភ្លៀងនៅតែបន្តយ៉ាងខ្លាំងក្លា។

បទបញ្ជាជម្លៀសដ៏ធំត្រូវបានដាក់ចេញកាលពីថ្ងៃចន្ទ សម្រាប់តំបន់មានហានិភ័យខ្ពស់ទាំងអស់នៅក្នុងទីក្រុង Hat Yai របសថៃ បន្ទាប់ពីទឹកជំនន់បានហក់ឡើងយ៉ាងគ្រោះថ្នាក់ ដែលជំរុញឱ្យមានការដាក់ពង្រាយយោធា និងក្រុមជួយសង្គ្រោះ នេះបើតាមអភិបាលក្រុង។
នៅប្រទេសជិតខាងម៉ាឡេស៊ីវិញ ទឹកជំនន់ក៏បានបង្កផលប៉ះពាល់ដល់រដ្ឋមួយចំនួនក្នុងប្រទេសនេះ ជាតំបន់ដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រ។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារសុខុមាលភាពសង្គមរបស់ម៉ាឡេស៊ី មានមនុស្សជាង ១៥.០០០នាក់ ស្ថិតនៅទីជម្រកក្នុងចំណោមមជ្ឈមណ្ឌលជម្លៀស ៩០កន្លែង ហើយរហូតមកដល់ពេលនេះ ពុំមានអ្នកស្លាប់នៅម៉ាឡេស៊ីទេ៕


