គណៈប្រតិភូសភាទួរគីកាលពីថ្ងៃចន្ទ បានធ្វើកិច្ចចរចាជាមួយលោក Abdullah Ocalan មេដឹកនាំក្រុមសកម្មប្រយុទ្ធឃើដ ដែលជាប់ពន្ធនាគារ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសន្តិភាព ដែលកំពុងដំណើរការ ដើម្បីបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍។

កិច្ចប្រជុំដ៏កម្រជាមួយលោក Ocalan មេដឹកនាំគណបក្សកម្មករឃើដ ឬ PKK ផ្តោតលើការសម្រេចចិត្តរបស់ក្រុមសកម្មប្រយុទ្ធកាលពីដើមឆ្នាំនេះ ក្នុងការរំសាយ និងទម្លាក់អាវុធ។ ជំនួបនេះ ក៏បានដោះស្រាយការអនុវត្តកិច្ចព្រមព្រៀងមួយ ដែលមើលឃើញពីការរួមបញ្ចូលកងកម្លាំងឃើដ ទៅក្នុងកងទ័ពស៊ីរីថ្មី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីសភាជាតិទួរគី។

គណបក្សកម្មករឃើដ (PKK) ដែលត្រូវបានចាត់ទុកជាអង្គការភេរវកម្មដោយប្រទេសទួរគី សហរដ្ឋអាមេ រិក និងសហភាពអឺរ៉ុប បានធ្វើការបះបោរប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលទួរគី ចាប់តាំងពីឆ្នាំ ១៩៨៤។ ដំបូងឡើយ គណបក្សនេះ បានស្វែងរករដ្ឋឃើដឯករាជ្យមួយ ក្រោយមកបានផ្លាស់ប្តូរទៅការទាមទារ ស្វ័យភាព និងពង្រីកសិទ្ធិនៅក្នុងប្រទេសទួរគី។ ជម្លោះនេះ បានរីករាលដាលដល់ប្រទេសជិតខាងអ៊ីរ៉ាក់ និងស៊ីរី។
ការអនុវត្តកិច្ចព្រមព្រៀងថ្ងៃទី ១០ ខែមីនា រវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ក្រុមឃើដ ភាគច្រើន បានជាប់គាំង។
ប្រទេសទួរគីមើលឃើញថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ គណបក្សកម្មករឃើដ (PKK) ដោយបានជំរុញឲ្យមានការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយសារការព្រួយបារម្ភថា ក្រុមយុទ្ធជនឃើដស៊ីរី អាចរក្សាស្វ័យភាពនៅក្នុងប្រទេសស៊ីរី និងបន្តបង្កហានិភ័យសន្តិសុខតាមបណ្តោយព្រំដែនរបស់ខ្លួន៕