ព្រឹទ្ធសភារបស់ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) បានព្យួរតួនាទីសមាជិកព្រឹទ្ធសភានៃក្រុមស្តាំនិយមជ្រុល លោកស្រី Pauline Hanson រយៈពេល ៧ថ្ងៃ បន្ទាប់ពីលោកស្រីបានពាក់ស្បៃរុំមុខ នៅសភា ដើម្បីប្រើជាឧបករណ៍នយោបាយគាំទ្រដល់យុទ្ធនាការរបស់លោកស្រី ដែលប្រឆាំងមិនឲ្យមានការស្លៀកពាក់សម្លៀកបំពាក់របស់អ្នកកាន់សាសនាឥស្លាមនេះនៅទីសាធារណៈ ជាទង្វើដែលបង្កឲ្យមានការថ្កោលទោសពីសមាជិកសភា។
អ្នកស្រី Hanson បានពាក់សម្លៀកបំពាក់អ្នកកាន់សាសនាឥស្លាម នៅសភាជាន់ខ្ពស់ កាលពីថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) បន្ទាប់ពីលោកស្រីត្រូវបានបដិសេធមិនទទួលបានការអនុញ្ញាតឲ្យដាក់ចេញច្បាប់ហាមប្រាមសម្លៀកបំពាក់នេះ និងការបិទបាំងផ្ទៃមុខផ្សេងទៀត នៅទីកន្លែងសាធារណៈ។ សកម្មភាពរបស់លោកស្រីបាននាំឲ្យមានការចោទប្រកាន់ថា ជាការរើសអើងពូជសាសន៍ពីសមាជិកសភាមូស្លីមយ៉ាងឆាប់រហ័ស។

រដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong ដែលដឹកនាំការងាររបស់រដ្ឋាភិបាលគណបក្សការងារ នៅក្នុងព្រឹទ្ធសភា បាននិយាយថា៖ «ការបង្ហាញក្នុងន័យស្អប់ខ្ពើម និងមិនគិតវែងឆ្ងាយរបស់សមាជិកព្រឹទ្ធសភា លោកស្រី Hanson ធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសង្គមរបស់យើង ហើយខ្ញុំជឿថា វាធ្វើឲ្យអូស្ត្រាលីអន់ថយ ហើយវាក៏មានផលវិបាកយ៉ាងឃោរឃៅ សម្រាប់អ្នកដែលងាយរងគ្រោះបំផុតរបស់យើងផងដែរ»។
លោកស្រី បានបន្ថែមថា៖ «សមាជិកព្រឹទ្ធសភា លោកស្រី Hanson បានចំអក និងរំលោភបំពានដល់ការមានជំនឿទាំងមូល ជាជំនឿមួយដែលត្រូវបានគោរពដោយប្រជាជនអូស្ត្រាលីជិត ១លាននាក់។ ខ្ញុំមិនដែលឃើញនរណាម្នាក់ មិនមានការគោរព (សភា) បែបនេះឡើយ»៕
