ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថា ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ ព្រមទាំងមុខរបរ និងការងាររបស់យុវជន មានន័យថា ជាការវិនិយោគសង្គមក្នុងពេលបច្ចុប្បន្ន និងអនាគត។ ហើយការវិនិយោគនេះ ទៀតសោត តម្រូវឱ្យមានការយកចិត្តទុកដាក់លើគុណភាព និងបរិមាណការងារ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាដៃគូ ស្តីពីជំនាញ និងអនាគតនៃការងារ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងនាំមកនូវការផ្លាស់ប្តូរក្នុងពិភពនៃការងារ ។
ប៉ុន្តែការផ្លាស់ប្តូរទាំងនេះ ក៏នាំមកនូវបញ្ហាប្រឈម សម្រាប់ប្រជាជនក្នុងការទទួលបានការបង្កើនជំនាញ ក៏ដូចជាបង្កបញ្ហាប្រឈមដល់វិស័យឯកជនក្នុងការសម្របខ្លួនទៅតាមការផ្លាស់ប្តូរទាំងនេះ ប្រកបដោយនិរន្តរភាពផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការណ៍ដែលអង្គការ ILO បាននិងកំពុងអនុវត្ត គំនិតផ្តួចផ្តើមនវានុវត្តន៍នៅកម្ពុជា ដើម្បីបំផុសឱ្យមានការអនុវត្តវិធានការជាក់លាក់សំដៅ៖ លើកកម្ពស់ជំនាញសម្រាប់ការងារបៃតង និងជម្រុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ជាដើម។
សូមជម្រាបថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួមមកហើយនូវគោលនយោបាយសំខាន់ៗមួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ និងគោលនយោបាយជាតិ ស្តីពីពលករទេសន្តប្រវេសន៍ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕អត្ថបទ៖ ឈិត បូរ៉ាវី