មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន Washington Post ថា កោះស្វ័យគ្រប់គ្រងមួយនេះនឹងដាក់ចេញនូវកញ្ចប់ថវិកាការពារជាតិបន្ថែមចំនួន ៤០ពាន់លានដុល្លារអាមេរិក ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តការពាររបស់ខ្លួន ជាមួយនឹងផែនការទិញសព្វាវុធថ្មី "ដ៏សំខាន់" របស់សហរដ្ឋអាមេរិក។

ចំណាត់ការនេះកើតឡើងស្របពេលភាពតានតឹងក្នុងតំបន់ និងនៅពេលប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាសែត Washington Post កាលពីថ្ងៃអង្គារ (២៥ វិច្ឆិកា) បានចេញផ្សាយសំណេរមួយរបស់លោក Lai ដែលក្នុងនោះលោកសរសេរថា "កញ្ចប់ដ៏ធំនេះនឹងមិនត្រឹមតែផ្តល់មូលនិធិដល់ការទិញអាវុធថ្មីសំខាន់ៗពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពដែលមិនស៊ីមេទ្រីរបស់កោះតៃវ៉ាន់ យ៉ាងច្រើនផងដែរ"។

លោក Lai ធ្លាប់ប្រកាសពីមុនថា លោកនឹងស្នើការចំណាយបន្ថែមលើវិស័យការពារជាតិ ប៉ុន្តែមិនបានផ្តល់សេចក្ដីលម្អិតទេ។ សម្រាប់ឆ្នាំ២០២៦ កោះនេះកំពុងស្នើការចំណាយលើវិស័យការពារជាតិដល់ ៩៤៩,៥ ពាន់លានដុល្លារតៃវ៉ាន់ ឬ ៣០,២៥ ពាន់លានដុល្លារអាមេរិក។ ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួននេះគឺនៅអត្រា ៣,៣២% នៃផលិតផលក្នុងស្រុកសរុប ដែលជាតួលេខឆ្លងផុតកម្រិត ៣% ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៩មក៕