ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (២៥ វិច្ឆិកា) ថា លោកបានជំរុញលោកប្រធានាធិបតីចិន Xi Jinping ឱ្យពន្លឿន និងបង្កើនការទិញទំនិញពីសហរដ្ឋអាមេរិក ក្នុងអំឡុងពេលជំនួបទូរសព្ទកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយមេដឹកនាំចិនរូបនេះ ទំនងជាបានយល់ព្រមហើយ "ទោះតិចឬច្រើនក៏ដោយ"។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា "រូបលោកបានស្នើទៅលោក Xi ថា អាមេរិកចង់ឱ្យចិនពន្លឿនការទិញទំនិញបន្តិច និងចង់ឱ្យចិនទិញកាន់តែច្រើន ហើយលោក Xi ហាក់ដូចជាយល់ព្រមហើយ ទោះតិចឬច្រើនក្ដី"។
ចិន បានបន្តការទិញសណ្តែកសៀងរបស់អាមេរិកឡើងវិញ និងបានបញ្ឈប់ការទប់ស្កាត់របស់ខ្លួនលើការនាំចេញរ៉ែកម្រ ប៉ុន្តែល្បឿននៃការទិញនេះមានតិចជាងការរំពឹងទុកដំបូង។
យ៉ាងណាមិញ ប្រភពពាណិជ្ជករបានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃពុធ (២៦ វិច្ឆិកា) នេះថា ចិនបានទិញសណ្តែកសៀងយ៉ាងតិច ១០ទូកុងទ័រនឺ ពីអាមេរិក ដែលមានតម្លៃប្រហែល ៣០០លានដុល្លារ ក្នុងកិច្ចសន្យាមួយដែលចុះហត្ថលេខានៅថ្ងៃអង្គារ សម្រាប់ការដឹកជញ្ជូនខែមករា ខាងមុខ។
ប្រភពផ្សេងទៀតនិយាយថា ចិនទិញទំនិញប្រហែល ១២ទូកុងទ័រនឺ ខណៈម្នាក់ទៀតប៉ាន់ប្រមាណថា ប្រហែលជា ១០ ទៅ ១៥កុងទ័រនឺ។ គួរឱ្យដឹងថា កុងទ័រនឺដឹកទំនិញនីមួយៗមានបន្ទុកប្រហែលពី ៦០.០០០ ទៅ ៦៥.០០០តោន៕

