នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានអញ្ជើញចូលរួមថ្លែងសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីការវាយតម្លៃផែនការសកម្មភាពសកលរបស់ អ.ស.ប. ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល អ.ស.ប។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) ដែលត្រូវបានដាក់ចេញកាលពីខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ និងជំរុញគោលដៅរួមឈានទៅរកពិភពលោកដែលគ្មានការជួញដូរមនុស្ស៕

