ដំណើរការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបន្ទាប់របស់អង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃអង្គារ (២៥ វិច្ឆិកា) សប្ដាហ៍នេះ ខណៈរដ្ឋជាសមាជិកត្រូវស្នើឱ្យដាក់ឈ្មោះបេក្ខភាព ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខណៈមានការជំរុញឱ្យស្រ្តីទទួលតំណែងនេះ។
នៅក្នុងលិខិតរួមមួយ ក្រុមប្រឹក្សាសន្តិសុខសមាជិក ១៥រូប និងប្រធានមហាសន្និបាតដែលមានសមាជិក ១៩៣រូប បានអញ្ជើញឱ្យមានការតែងតាំងបេក្ខភាព ដើម្បីជាកិច្ចចាប់ផ្តើមនៃការប្រកួតប្រជែងរកអ្នកជំនួសតំណែងលោក Antonio Guterres ប្រធានគ្រប់គ្រងបច្ចុប្បន្ននៃស្ថាប័នពិភពលោកមួយនេះ។

ក្រុមប្រឹក្សាសន្តិសុខ នឹងណែនាំជាផ្លូវការនូវបេក្ខភាពមួយរូបទៅកាន់មហាសន្និបាត សម្រាប់ការបោះឆ្នោតជាអគ្គលេខាធិការអង្គការសហប្រជាជាតិទី១០ នៅចុងឆ្នាំក្រោយ។ នៅចុងបញ្ចប់ សមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍ទាំង៥ ដែលមានសិទ្ធិវេតូ - ពោលគឺសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស ចិន និងបារាំង - ត្រូវតែយល់ព្រមលើបេក្ខភាពរូបនោះ។
បេក្ខភាពដែលបានប្រកាសជាសាធារណៈសម្រាប់តួនាទីនេះរួមមាន អតីតប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet អតីតអនុប្រធានាធិបតីកូស្តារីកា លោកស្រី Rebeca Grynspan និងលោក Rafael Grossi ដែលជាអ្នកការទូតអាហ្សង់ទីន ហើយក៏ជាប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ផងដែរ៕

