ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ថា លោកបើកចំហសម្រាប់ការសន្ទនាជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ជាសញ្ញានៃការបើកចំហផ្នែកការទូតដែលអាចធ្វើទៅបាន ក្នុងពេលមានការកើនឡើងភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរ។ លោក Trump បាននិយាយថា «ប្រសិនបើយើងអាចជួយសង្គ្រោះជីវិតមនុស្ស ប្រសិនបើយើងអាចធ្វើអ្វីៗតាមរបៀបដ៏ងាយស្រួល នោះជាការប្រសើរ ហើយប្រសិនបើយើងត្រូវធ្វើវាតាមរបៀបដែលលំបាក នោះក៏ធ្វើទៅតាមនឹងទៅ»។
លោក Trump បានធ្វើការអត្ថាធិប្បាយបែបនេះនៅលើយន្តហោះ Air Force One ខណៈលោកធ្វើដំណើរទៅកាន់លំនៅឋានឯកជនរបស់លោកនៅរដ្ឋ Florida ដើម្បីចំណាយពេលក្នុងពិធីបុណ្យរំលឹកគុណ(Thanksgiving)។
ការថ្លែងរបស់លោកចង្អុលបង្ហាញពីលទ្ធភាពនៃការសន្ទនាដោយផ្ទាល់ក្នុងគោលបំណងបន្ធូរបន្ថយការប្រឈមមុខដាក់គ្នា ដែលបានបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប។
កាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានដឹកនាំការដង្ហែក្បួនស៊ីវិល-យោធា នៅទីក្រុង Caracas ដោយសន្យាថានឹងការពារប្រទេសពីការគំរាមកំហែងណាមួយរបស់ចក្រពត្តិនិយម និងអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមជនស៊ីវិល អ្នកនយោបាយ និងកងកម្លាំងប្រដាប់អាវុធ។