អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានកត់ត្រាការវាយប្រហារតាមអាកាសរបស់អ៊ីស្រា អែលចំនួន ១០៦លើក នៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីការបញ្ឈប់អរិភាព ត្រូវបានប្រកាសនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំមុន។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់UN បានព្រមានថា រយៈពេលជិតមួយឆ្នាំ ចាប់តាំងពីការបញ្ឈប់អរិភាពរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ការវាយប្រហារដោយកងកម្លាំងការពារអ៊ីស្រាអែល នៅតែបន្តលើប្រទេសលីបង់ ដោយបានបណ្តាលឲ្យមានការស្លាប់ជនស៊ីវិល និងការបំផ្លិចបំផ្លាញ រួមជាមួយនឹងការគំរាមកំហែងដ៏គួរឲ្យព្រួយបារម្ភចំពោះអំពើហិង្សាកាន់តែធំឡើង។

លោកបាននិយាយថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កងកម្លាំងរក្សាសន្តិភាព UNIFIL បានសង្កេតឃើញការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួន ៤លើក នៅក្នុងទីតាំងចំនួនបីនៅក្នុងតំបន់ប្រតិបត្តិការរបស់បេសកកម្មនៅភាគខាងត្បូងប្រទេសលីបង់ ដែលទាំងអស់ស្ថិតនៅក្នុងតំបន់ភាគខាងកើត។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«ការវាយប្រហារបែបនេះ គឺជាការរំលោភមិនត្រឹមតែអធិបតេយ្យភាពទឹកដីលីបង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភលើសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ» ដោយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពកាតព្វកិច្ចឈប់បាញ់របស់ពួកគេ ដោយសុច្ឆន្ទៈ៕
