ភ្នំពេញ៖ អង្គការ JIAC របស់ប្រទេសជប៉ុន បានផ្ដល់មន្ទីរពិសោធន៍វិភាគរូបធាតុ និងគីមី ជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីជួយក្នុងកិច្ចការការស្រាវជ្រាវ ក៏ដូចវិស័យឯកជនលើការរុករករ៉ែ និងប្រេងកាតនៅកម្ពុជា។
មន្ទីរពិសោធន៍វិភាគសម្ព័ន្ធរូបធាតុ និងគីមី នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ដែលជាជំនួយរបស់អង្គការJICA ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នារសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ម៉ាសាហិរ៉ូ មិកាមិ (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក Shinji YANAGAWA តំណាងអង្គការ JICA ព្រមទាំងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្ភារៈពិសោធន៍ដែលត្រូវបានបំពាក់ក្នុងមន្ទីរពិសោធន៍វិភាគសម្ព័ន្ធរូបធាតុ និងគីមីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅពេលរួមមាន៖
ម៉ាស៊ីន ស្គេននីង អេឡិចត្រូន ម៉ាក្រូស្កូប (Scanning Electron Microscopy (SEM) អាចជួយការស្រាវជ្រាវ ក៏ដូចវិស័យឯកជនលើការរុករករ៉ែ និងប្រេងកាត ការវិភាគសម្ព័ន្ធរូបធាតុក្នុងកំរិតណាណូ (nanostructure analysis) សម្រាប់ផលិតផលប៉ូលីម័រ (polymer) សេរ៉ាម៉ិច បេតុង ដែកនិងសំលោហៈសម្រាប់ Automobile company និងការវិភាគសម្ព័ន្ធរូបធាតុលើវិស័យអាហារ និងវេជ្ជសាស្រ្ត។ ម៉ាស៊ីន MP-AES សម្រាប់វិភាគបរិមាណ សមាសភាគគីមីដែលមាននៅក្នុងទឹក អារហារ និងកសិកម្ម សមាសធាតុផុល (toxic elements and heavy metals) ក្នុងបរិស្ថាន និងក្នុងវិស័យផ្សេងៗទៀត។
គួរបញ្ជាក់ថា សម្ភារៈពិសោធន៍ទាំងនេះជាសម្ភារៈពិសោធន៍ដ៏ទំនើប ដែលមានជាលើកទីមួយក្នុងប្រទេសកម្ពុជា ដែលជាជំនួយរបស់អង្គការ JICA សម្រាប់លើកកម្ពស់ការស្រាវជ្រាវក្នុងកំរិត nano scale នៃសម្ព័ន្ធរូបធាតុ និងសមាសភាគគីមីក្នុងកំរិតតូចបំផុត (part per million & part per billion)៕ ដោយ៖ ចេន សុជាតា









