នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃពុធ (២៦ វិច្ឆិកា) បានលើកឡើងថា ការការពារ និងបង្កើនផលប្រយោជន៍ជាតិរបស់ប្រទេសជប៉ុន ដោយការរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិនតាមរយៈកិច្ចសន្ទនា គឺជា "ការទទួលខុសត្រូវ" របស់លោកស្រី ស្របពេលមានភាពតានតឹងលើបញ្ហាកោះតៃវ៉ាន់។

ទាក់ទងនឹងជម្លោះការទូតជាមួយទីក្រុងប៉េកាំង លោកស្រី Takaichi បានប្រាប់សភាថា "ជប៉ុន តែងតែបើកចំហជានិច្ចសម្រាប់កិច្ចសន្ទនាក្នុងន័យស្ថាបនាជាមួយភាគីចិន"។ លោកស្រីបន្ថែមថា “នេះជាការទទួលខុសត្រូវរបស់លោកស្រី ក្នុងរក្សាផលប្រយោជន៍ជាតិខ្ពស់ និងកសាងទំនាក់ទំនងដ៏ល្អប្រសើរ និងទូលំទូលាយជាមួយចិន តាមរយៈកិច្ចសន្ទនា ចាប់ពីពេលនេះតទៅ”។

សារព័ត៌មានក្យូដូបានរាយការណ៍ថា លោកស្រី Takaichi ក៏បានបំភ្លឺពីការលើកឡើងរបស់លោកស្រីកាលពីថ្ងៃទី៧ ខែវិច្ឆិកា ក្នុងសម័យប្រជុំសភាថា គឺជាការឆ្លើយតបដោយស្មោះត្រង់ប៉ុណ្ណោះ ចំពោះសំណួរជាក់លាក់មួយអំពីលទ្ធភាពនៃការឆ្លើយតបរបស់ជប៉ុន ក្នុងករណីមានភាពអាសន្នពាក់ព័ន្ធនឹងកោះតៃវ៉ាន់។

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយនៅទីក្រុងប៉េកាំង ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ជប៉ុនកាលពីថ្ងៃពុធដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិន និងសហគមន៍អន្តរជាតិចង់បញ្ជាក់ឱ្យច្បាស់ពីន័យយ៉ាងពិតប្រាកដរបស់ភាគីជប៉ុន លើជំហរជាប់លាប់របស់ខ្លួន និងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ៕