អ៊ីស្រាអែលបានប្រគល់សាកសពប៉ាឡេស្ទីន ១៥ ជាថ្នូរនឹងសាកសពរបស់ចំណាប់ខ្មាំងម្នាក់ដែលត្រូវបានហាម៉ាសឃុំខ្លួន ខណៈការចរចាចាប់ផ្តើមលើដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងឈប់បាញ់។

មន្ត្រីទួរគី កាតា និងអេហ្ស៊ីប បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ២៦វិច្ឆិកាសប្ដាហ៍នេះ នៅទីក្រុងគែរ(Cairo) ដើម្បីពិភាក្សាអំពីដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង រួមទាំងការដាក់ពង្រាយកម្លាំងស្ថិរភាព និងស្ថាប័នមួយដើម្បីគ្រប់គ្រងហ្កាហ្សា និងត្រួតពិនិត្យការកសាងឡើងវិញ។

អ៊ីស្រាអែលបានកំណត់អត្តសញ្ញាណសាកសពរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលម្នាក់ ដែលត្រូវបានប្រគល់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃអង្គារ មានឈ្មោះថា Dror Or។ យោធាអ៊ីស្រាអែលនិយាយថា សាកសពនោះត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធក្នុងការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី ៧ ខែតុលា ២០២៣។
បញ្ហាធំៗជាច្រើនដែលបានរាំងស្ទះស្ទើរគ្រប់ផ្នែកនៃផែនការបទឈប់បាញ់ និងពេលវេលាសម្រាប់អនុវត្តន៍ រួមទាំងកងកម្លាំងស្ថិរភាពប្រដាប់អាវុធអន្តរជាតិ ដែលនឹងបង្កើតឡើងសម្រាប់ការរក្សាសន្តិសុខ និងធានាការរំសាយអាវុធក្រុមហាម៉ាស គឺជាការទាមទារដ៏សំខាន់ពីភាគីអ៊ីស្រាអែល ។

យោងតាមក្រសួងសុខាភិបាលហ្កាហ្សា ដោយមានការដោះដូរចុងក្រោយនេះ អ៊ីស្រាអែលបានបញ្ជូនសាកសពប៉ាឡេស្ទីនសរុបចំនួន ៣៤៥ ទៅកាន់ហ្កាហ្សាវិញចាប់តាំងពីការដោះដូរបានចាប់ផ្តើមកាលពីខែមុន។ក្រសួងខាងលើបាននិយាយថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ១១ ខែតុលា ប្រជាជនប៉ាឡេស្ទីនចំនួន ៣៤៥ នាក់ត្រូវបានសម្លាប់គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ៕