ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦ បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ហើយ ដោយលទ្ធផលសុទ្ធតែស្មើគ្នា តែគ្រូជំនួយក្រុមឡាយអ៊ិនឃីងខេត្តសៀមរាបលោក ទុយ សំ ហាក់មិនពេញចិត្តការលេងរបស់កូនក្រុមឡើយ។
សម្រាប់លទ្ធផលជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយនេះ គឺក្រុមម្ចាស់ផ្ទះឡាយអ៊ិនឃីងខេត្តសៀមរាប បានប្រកួតស្មើក្រុមភ្នំពេញហ្គាឡាក់ស៊ី ០-០ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម វាយបកស្មើក្រុមភ្ញៀវ សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ ០-០ នៅទីលានវិទ្យាល័យ ខេត្តព្រះសីហនុ។

ក្រោយជំនួបលើទឹកដីខេត្តសៀមរាប គ្រូជំនួយក្រុមម្ចាស់ផ្ទះលោក ទុយ សំ បានលើកឡើងថា ការប្រកួតពិតជាតានតឹង តែសោកស្ដាយកូនក្រុមធ្វើមិនបានល្អតាមការរៀបចំ ទើបមិនអាចស្វែងរកគ្រាប់បាល់លើទឹកដីរបស់ខ្លួន។ បែបនេះ លោកនឹងព្យាយាមបំពេញនូវចំណុចខ្វះខាត ដើម្បីត្រៀមការប្រកួតជើងទី២ នាពេលខាងមុខ។

ជាមួយគ្នាលោក ប៉ូ គីនណាក់ អ្នកចាត់ការទូទៅក្រុមភ្នំពេញហ្គាស៊ី បានចាត់ទុកជំនួបទល់ក្រុមខ្លាំងឡាយអ៊ិនឃីងខេត្តសៀមរាប គឺជាការប្រកួតមួយដ៏អស្ចារ្យ ដ្បិតគូប្រជែង គឺក្រុមកម្រិតខ្ពស់គួរសមមួយ តែលោកព្យាយាមខំប្រឹងពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង នៅជើងទី២ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។
ក្រឡេកទៅចាប់អារម្មណ៍ជំនួបរវាងក្រុមជើងឯករងឆ្នាំចាស់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមការពារតំណែងជើងឯក សមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ បានបញ្ចប់ដោយភាពតានតឹងដូចគ្នា ។ ជំនួបដ៏ជក់ចិត្តនេះ កីឡាករ មហាំម៉ាត់ មូស្ដាហ្វា បានរកគ្រាប់នាំមុខឲ្យត្បូងឃ្មុំ ១គ្រាប់មុន នៅនាទី២១ រហូតដល់នាទី៥៧ កីឡាករ កសឹម នារ៉ទីន ក៏រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះកំពង់ចាមវិញ ១-១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។
ក្រោយបញ្ចប់ការប្រកួត ដោយលទ្ធផលស្មើគ្នាបែបនេះ ក្រុមនីមួយៗ នឹងត្រូវរង់ចាំអ៊ុលទ្ធផលការប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣ ខែធ្នូខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ដោយតម្រូវឲ្យផ្លាស់ប្ដូរទឹកដីគ្នា ក្នុងនោះក្រុមភ្នំពេញហ្គាឡាក់ស៊ី នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ហើយសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នឹងត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាមវិញម្ដង៕ អត្ថបទ៖ លី ឈុនឡា


