លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) នឹងបង្ហាញផែនការសេវាកម្មយោធាជាតិថ្មីមួយ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលបារាំងកំពុងស្វែងរកការពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីដោះស្រាយការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងរបស់រុស្ស៊ីចំពោះប្រទេសអឺរ៉ុប ក្រៅពីសង្គ្រាមនៅអ៊ុយក្រែន។

ការិយាល័យប្រធានាធិបតី បាននិយាយមុនពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់មូលដ្ឋានយោធា Varces ក្នុងតំបន់ Alps របស់បារាំងថា លោក ម៉ាក្រុង នឹងសង្កត់ធ្ងន់លើ«តម្រូវការក្នុងការរៀបចំប្រទេសជាតិសម្រាប់ការគំរាមកំហែងដែលកំពុងកើនឡើង»។
កាលពីដើមឆ្នាំនេះ លោក ម៉ាក្រុង បានប្រកាសពីចេតនារបស់លោក ក្នុងការផ្តល់ជម្រើសថ្មីមួយដល់យុវជនបារាំង ដើម្បីបម្រើការងារស្ម័គ្រចិត្តក្នុងវិស័យយោធា។ ការកេណ្ឌទ័ពដែលបារាំងបានបញ្ចប់នៅឆ្នាំ ១៩៩៦ មិនត្រូវបានពិចារណាទេ។
លោកប្រធានាធិបតី បាននិយាយថា បារាំងកំពុងស្វែងរកការជំរុញការការពាររបស់ខ្លួន ខណៈដែលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ធ្វើឲ្យទ្វីបអឺរ៉ុបស្ថិតក្នុង «ហានិភ័យកម្រិតខ្ពស់»៕
