នៅថ្ងៃព្រហស្បតិ៍ (២៧ ខែវិច្ឆិកា) នេះ សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump ប្រាប់កុំឲ្យបង្កហេតុជាមួយប្រទេសចិន ពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់កោះតៃវ៉ាន់។
គួរបបញ្ជាក់ថា ជម្លោះ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់តំបន់អាស៊ីទាំង២ បានផ្ទុះឡើងដោយសារការលើកឡើងពីនាយករដ្ឋមន្ត្រីថ្មី លោកស្រី Takaichi ដែលថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍ផ្នែកយោធា ក្នុងការវាយប្រហារណាមួយ លើកោះតៃវ៉ាន់ ដែលចិនអះអាងថា ជាផ្នែកនៃដែនដីរបស់ខ្លួន។

ហើយបើយើងតាមក្រសួងការបរទេសចិន បានឲ្យដឹងថា អំឡុងពេលសន្ទនាតាមទូរសព្ទជាមួយលោក Trump កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មេដឹកនាំចិន លោក Xi Jinping បានសង្កត់លើបញ្ហារសើបមិនធ្លាប់មាននេះ ដោយបញ្ជាក់ថា ការបានកោះនេះមកគ្រប់គ្រងវិញ គឺជា «ផ្នែកសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម»។
ភ្លាមៗបន្ទាប់ពីនោះ «លោក Trump បានជជែកតាមទូរសព្ទជាមួយលោកស្រី Takaichi ហើយបានប្រាប់ និងដាស់តឿនលោកស្រីកុំឲ្យបង្កហេតុជាមួយទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់កោះនេះ»។ នេះបើយោងតាមសារព័ត៌មាន WSJ ដែលបានរាយការណ៍ដោយដកស្រង់សម្តីពីមន្ត្រីជប៉ុន និងអាមេរិកម្នាក់ ដែលបានប្រាប់ព័ត៌មានអំពីការជជែកតាមទូរសព្ទនេះ។
តែយ៉ាងណាក្ដី សារព័ត៌មាន WSJ បានបន្ថែមថា «ការដាស់តឿនពីលោក Trump គឺទន់ភ្លន់ ហើយរូបលោកមិនបានដាក់សម្ពាធឲ្យលោកស្រី Takaichi ដកការលើកឡើងរបស់លោកស្រីឡើយ»។ អ្នកនាំពាក្យការិយាល័យរបស់លោកស្រី Takaichi បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ពីសារព័ត៌មាន WSJ នេះ៕
