ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) នេះថា គ្រោះទឹកជំនន់បានវាយប្រហារប្រទេសស្រីលង្កា ដែលនាំឱ្យអាជ្ញាធរផ្អាករថភ្លើងដឹកអ្នកដំណើរ និងបិទផ្លូវនៅក្នុងផ្នែកខ្លះនៃប្រទេស ខណៈបំណាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមនុស្សជាង ២០នាក់ បានស្លាប់។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ស្រីលង្កា បាននិយាយថា ការស្លាប់ភាគច្រើន ត្រូវរាយការណ៍ថាបានកើតឡើងក្នុងតំបន់ភ្នំ Badulla និង Nuwara Eliya ក្នុងខេត្តភាគកណ្តាលរបស់ប្រទេស ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីកូឡុំបូ។ ទីភ្នាក់ងារនេះបន្តថា មនុស្សយ៉ាងតិច ១៤នាក់ ផ្សេងទៀតបានបាត់ខ្លួននៅថ្ងៃព្រហស្បតិ៍ ដោយសារតែបំណាក់ដីនៅក្នុងតំបន់ដូចគ្នានេះ។

ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៣១នាក់ហើយ គិតចាប់តាំងពីសប្តាហ៍មុន នៅពេលដែលប្រទេសស្រីលង្កា ចាប់ផ្តើមជួបនឹងអាកាសធាតុធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់ដ៏ខ្លាំងក្លានៅចុងសប្តាហ៍កន្លងទៅ បានធ្វើឱ្យមានការលិចលង់ផ្ទះសម្បែង វាលស្រែ និងផ្លូវថ្នល់ជាច្រើន ប៉ះពាល់ដល់មនុស្សប្រហែល ៤.០០០គ្រួសារ។
អាជ្ញាធរបានប្រកាសផ្អាករថភ្លើងក្នុងតំបន់ខ្លះនៅតាមតំបន់ភ្នំ បន្ទាប់ពីដុំថ្ម ល្បប់ភក់ និងដើមឈើបានធ្លាក់លើផ្លូវរថភ្លើង ហើយទូរទស្សន៍ក្នុងស្រុកបានបង្ហាញឱ្យឃើញ កម្មករកំពុងកាយយកកម្ទេចកម្ទីចេញ ខណៈបណ្ដាញផ្លូវក៏ត្រូវបានបិ ទដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ៕

