ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧)នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជៀន ឆាន (JIANCAN) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនតំបន់ស្វយ័តស៊ីចាង (Xizang) នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ជំនួបពិភាក្សានេះផ្តោតទៅលើការចែករំលែកបទពិសោធន៍និងស្វែងយល់ក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម វប្បធម៌ និងវិស័យមួយចំនួនទៀត ព្រមទាំងរៀនសូត្រពីការអនុវត្ត និងបទពិសោធន៍របស់ប្រទេសកម្ពុជាក្នុងការជំរុញឧស្សាហកម្មទេសចរណ៍។
ក្នុងឱកាសនោះ ឯកឧត្តម ជៀន ឆាន បានចែករំលែកបទពិសោធន៍និងការអនុវត្តល្អៗអំពីវឌ្ឍនភាព ដំណោះស្រាយបញ្ហាប្រឈម ការដឹកនាំ និងការអភិវឌ្ឍនៅក្នុងវិស័យសេដ្ឋកិច្ច កំណែទម្រង់ ទេសចរណ៍ អប់រំ សុខាភិបាល វប្បធម៌ និងសាសនា ។
ឯកឧត្តមអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនតំបន់ស្វយ័តស៊ីចាង បានជម្រាបថា តំបន់ស្វយ័តស៊ីចាង នឹងជំរុញអ្នកវិនិយោគនិងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។
ឯកឧត្តមជៀន ឆានក៏បានជម្រាបពីស្ថានភាពភូមិសាស្រ្តនិងការរីកចម្រើនដ៏ឆាប់រហ័សរបស់ខេត្តស៊ីចាង។ក្រោមការយកចិត្តទុកដាក់ពីបក្សកុម្មុយនីសចិន និងរដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ធ្វើឱ្យខេត្តស៊ីចាងមានការរីកចម្រើនគ្រប់វិស័យ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយរបស់ប្រទេសចិន មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង។ GDP បានកើនឡើងខ្ពស់បំផុតលំដាប់ទី៣នៅចិន។
ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជានិងខេត្តស៊ីចាងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ឯកឧត្តម ជៀន ធាន បានគោរពអញ្ជើញឯកឧត្តមប្រធានគណៈកម្មការទី៧រដ្ឋសភា បំពេញទស្សនកិច្ចនៅខេត្តស៊ីចាងតាមពេលវេលាសមស្របណាមួយ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងថា៖ជំនួបប្រជុំថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហការ។កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងសភាខេត្តស៊ីចាង គឺជាស្ពានដ៏សំខាន់ដែល នាំឱ្យប្រជាជននិងស្ថាប័ននៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងកាជិតស្និទ្ធ។ជាពិសេសចែក រំលែកបទពិសោធន៍ ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរួមគ្នា។
ឯកឧត្តមបានរំលេចពីវិស័យទេសចរណ៍កម្ពុជានិងចិន។ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ត្រូវបានប្រកាសដោយថ្នាក់ដឹកនាំកម្ពុជា និងចិន កាលពីខែមេសា ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជា។ គំនិតផ្តួចផ្តើមនេះសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេង សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសអាស៊ីទាំងពីរ។ «ទិដ្ឋាការមេគង្គ-ឡានឆាង» ដែលដាក់ចេញដោយ ប្រទេសចិននៅខែវិច្ឆិកា ឆ្នាំ ២០២៤ នឹងជួយសម្រួលដល់ការធ្វើដំណើររវាងប្រទេសទាំងពីរ។ កម្ពុជា និងចិន គឺជាប្រទេសដែលមានអរិយធម៌បុរាណ និងមានប្រវត្តិសាស្ត្រយូរលង់។ ប្រទេសទាំងពីរជាប្រទេស លេចធ្លោ ក្នុងការគោរពភាពចម្រុះនៃអរិយធម៌ ក្នុងពិភពលោក តម្លៃរួមនៃមនុស្សជាតិ បេតិកភណ្ឌវប្បធម៌ និងនវានុវត្តន៍។
ឯកឧត្តមបានបន្តថា៖ ការប្រកាសឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការថែរក្សា បេតិកភណ្ឌវប្បធម៌នៃរមណីដ្ឋានអង្គរ នឹងលើកកម្ពស់អត្តសញ្ញាណតំបន់រួមគ្នា ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅទូទាំង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ កម្ពុជា និងចិន ជាមិត្តដែកថែប ដែលជឿទុក ចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥ បាន ចាប់ផ្តើមជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងពង្រឹងទំនាក់ទំនងមិត្តភាព ប្រពៃណីកម្ពុជា-ចិន។ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ រួមជាមួយនឹងគំនិតផ្តួចផ្តើម ពិភពលោកដែលមានស្រាប់របស់ចិន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល នឹងចាក់ បញ្ចូលកម្លាំងជំរុញកាន់តែខ្លាំងក្នុងការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានជម្រាបភាគីចិន អំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា។កម្ពុជា មានស្ថិរភាពនយោបាយ កម្លាំងពលករវ័យក្មេង និងឆ្លាតវៃ និងការចូលដំណើរការទីផ្សារអន្តរ ជាតិជាច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ វិស័យដែលមានសក្តានុពលរួមមាន កសិកម្មបៃតង ឧស្សាហកម្មស្អាត សហគ្រាសតូច-មធ្យម និងទេសចរណ៍។
ឯកឧត្តមប្រធានគណៈកម្មការទី៧ បានអំពាវនាវដល់វិនិយោគិនស៊ីចាងពិចារណាមកវិនិយោគនៅកម្ពុជា។ការវិនិយោគ នឹងទទួលបានអត្ថប្រយោជន៍ពីបរិយាកាសអាជីវកម្មល្អ គោលនយោបាយលើកទឹកចិត្តសម្រាប់វិស័យវិនិយោគទុនហើយជាដំណាក់កាលក្នុងការពង្រឹងមិត្តភាពដ៏វែងឆ្ងាយនិងសេចក្តីចម្រើនរួមរបស់ប្រទេសទាំងពីរ៕







