ការផ្សាយផ្ទាល់នៃការបាញ់បង្ហោះ បានបង្ហាញឲ្យឃើញថា យានអវកាស Soyuz MS-28 របស់រុស្ស៊ី បានហោះឡើងពីផែនដីសំដៅទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) នេះ ដោយមានអវកាសយានិករបស់រុស្ស៊ី ២នាក់ និងរបស់អង្គការណាសា (NASA) មា្នក់ ជិះនៅក្នុងនោះ។
រ៉ូកែត Soyuz 2.1a បានហោះចេញពីទីកន្លែងបាញ់បង្ហោះ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន នៅវេលាម៉ោង ១២:២៨នាទីយប់ ម៉ោងនៅទីក្រុងមូស្គូ (ត្រូវនឹងម៉ោង ៩:២៨នាទី ម៉ោងសកល)។

អវកាសយានិក រួមមានមេបញ្ជាការរុស្ស៊ី លោក Sergei Kud-Sverchkov ដែលធ្វើការហោះហើរអវកាសជាលើកទី២ របស់លោក អវកាសយានិករុស្សី លោក Sergei Mikayev និងអវកាសយានិករបស់អង្គការណាសា លោក Christopher Williams ដែលទាំង ២នាក់ ទើបបានហោះហើរទៅកាន់ទីអវកាសជាលើកដំបូង។
បន្ទាប់ពីហោះឡើង យានអវកាស Soyuz ត្រូវបានកំណត់ធ្វើដំណើរជុំវិញផែនដី ២ដង មុនពេលចូលចតដោយស្វ័យប្រវត្តិជាមួយនឹងម៉ូឌុល ISS Rassvet នៅវេលាម៉ោង ១២:៣៨នាទី ម៉ោងសកល នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
នៅពេលដែលចូលចត អវកាសយានិកនឹងចូលទៅក្នុងស្ថានីយ ISS ជាទីដែលពួកគេនឹងត្រូវចំណាយពេល ៨ខែបន្ទាប់។ ការវិលត្រឡប់របស់ពួកគេមកកាន់ផែនដីវិញ បច្ចុប្បន្នត្រូវបានគ្រោងទុកនៅចុងខែកក្កដា ឆ្នាំ២០២៦៕
