អ្នកអូសឆៃកែវស្ថិតក្នុងចំណោមអ្នកប្រឈមគ្រោះថ្នាក់ធំបំផុតអំឡុងកង្វក់បរិយាកាសប្រចាំឆ្នាំនៅទីក្រុងញូវដែល្លី ពេលពួកគេស៊ូទ្រាំនឹងខ្យល់ពុល អំឡុងប្រកបការងារតាមដងផ្លូវកកស្ទះក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។
អ្នកអូសឆៃកែវ ងាយរងគ្រោះ និងងាយបង្កគ្រោះថ្នាក់ដល់សុខភាព ពេលដែលពួកគេរងសម្ពាធបន្ថែមទៀតលើសួតរបស់ពួកគេ អំឡុងពេលអូសឆៃកែវ ឬធាក់កង់អូសឆៃកែវ ។
លោក Umesh គឺជាអ្នកអូសឆៃកែវមួយរូបនិយាយថា លោកត្រូវតែបន្តការងារច្រើនម៉ោងមួយនេះ ដើម្បីចិញ្ចឹមគ្រួសាររបស់លោក បើទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ ។
លោកបន្តថា ជួនកាលពេលដែលលោកជាប់កកស្ទះចរាចរណ៍ លោកមានអារម្មណ៍ថាវិលមុខ ប៉ុន្តែលោកត្រូវតែស៊ូទ្រាំ និងខំប្រឹងបន្តការងារមួយនេះ ។
យោងតាមទិន្នន័យពីទីភ្នាក់ងារស្រាវជ្រាវ និងព្យាករណ៍ឧតុនិយម និងប្រព័ន្ធគុណភាពខ្យល់(SAFAR)គ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍គុណភាពខ្យល់នៅក្នុងទីក្រុងដែល្លី មានកម្រិតខ្ពស់ដល់ ៣៦៧ ។
សូមបញ្ជាក់ថា ទីក្រុងដែល្លី និងសង្កាត់ជុំវិញ តែងតែគ្របដណ្តប់ដោយផ្សែងអ័ព្ទពុល អំឡុងរដូវរងា ពេលដែលអាកាសធាតុត្រជាក់ទាក់ជាប់ការបំភាយឧស្ម័នចេញពីរថយន្ត ការដ្ឋានសំណង់ ហើយនិងការដុតកាកសំណល់កសិកម្ម ជំរុញឲ្យកម្រិតកង្វក់បរិយាកាសឡើងដល់កម្រិតមួយក្នុងចំណោមកម្រិតកង្វក់បរិយាកាសខ្ពស់បំផុតនៅលើពិភពលោក ៕