ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) ថា កងកម្លាំងទីក្រុងមូស្គូ បានឡោមព័ទ្ធជុំវិញទីក្រុង Pokrovsk ដ៏សំខាន់របស់អ៊ុយក្រែន និងគ្រប់គ្រងបាន ៧០% ទៅហើយនៃទីក្រុងនេះ ប៉ុន្តែឧត្តមសេនីយ៍កំពូលរបស់ទីក្រុងគីវ បាននិយាយថា កងទ័ពអ៊ុយក្រែន កំពុងតែរុញច្រានទៅវិញយ៉ាងខ្លាំងក្លា ហើយការប្រយុទ្ធគ្នាកំពុងតែក្ដៅគគុកនៅកណ្តាលទីក្រុង។

ទីក្រុងមូស្គូ បានព្យាយាមដណ្ដើមគ្រប់គ្រងទាំងស្រុងលើទីក្រុងយុទ្ធសាស្រ្ត Pokrovsk ដែលប្រជាជនរុស្ស៊ីហៅតាមឈ្មោះសម័យសូវៀតថា Krasnoarmeysk ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤មក ជាផ្នែកមួយនៃការវាយរុញរបស់ខ្លួនដើម្បីដណ្តើមយកតំបន់ឧស្សាហកម្ម Donbas ទាំងមូល។

ជំនួសឱ្យការវាយសម្រុកពីខាងមុខទៅលើទីក្រុង ដែលធ្លាប់ជាផ្ទះរបស់មនុស្សជាង ៦ម៉ឺននាក់ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់យោធាអ៊ុយក្រែននេះ កងកម្លាំងរុស្ស៊ីបានប្រើយុទ្ធសាស្រ្តបំបែកគ្នាឡោមព័ទ្ធដើម្បីវាយប្រហារគ្រប់ជ្រុងលើទីក្រុង ខណៈជ្រៀតចូលតាមក្រុមវាយប្រហារតូចៗ ហើយបន្ទាប់មក បញ្ជូនក្រុមធំទៅតាមក្រោយ។

ទីក្រុងមូស្គូ និយាយថា ការយកបានក្រុង Pokrovsk — ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីហៅថា "ច្រកផ្លូវទៅកាន់តំបន់ Donetsk" — នឹងផ្តល់ឱ្យរុស្ស៊ី នូវការមានប្រៀបមួយថ្មីទៀត ដើម្បីវាយរុញតាមភាគខាងជើងឆ្ពោះទៅកាន់ទីក្រុងនៅសេសសល់ដ៏ធំបំផុតចំនួនពីរ ដែលគ្រប់គ្រងដោយអ៊ុយក្រែន នៅក្នុងតំបន់ Donetsk នោះគឺក្រុង Kramatorsk និង Sloviansk៕