នាវាពិឃាតបំពាក់មីស៊ីលស៊ីបគោលដៅ USS Gravely កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បានចូលចត រួមជាមួយនាវាគាំទ្រកងទ័ពជើងទឹកមួយគ្រឿងនៅតំបន់Ponce កោះព័រតូរីកូ។ វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញយន្តហោះចម្បាំងF-35Bមួយគ្រឿង កំពុងហោះចេញពីអតីតមូលដ្ឋាន Roosevelt Roads នៅភាគខាងកើតកោះ។

សហរដ្ឋអាមេរិក បានបង្កើនជំហរយោធារបស់ខ្លួននៅជិតប្រទេសវ៉េណេស៊ុយអេឡា ក្នុងពេលទំនាក់ទំនងកាន់តែចុះខ្សោយជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro និងរបាយការណ៍អំពីប្រតិបត្តិការដែលអាចកើតមានដែលពុំទាន់ត្រូវបានបញ្ជាក់ ឬអនុញ្ញាតជាសាធារណៈដោយលោកប្រធានាធិបតី Donald Trump។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមមានចំណាត់ការ «ក្នុងពេលឆាប់ៗនេះ» ដើម្បីបញ្ឈប់អ្នកជួញដូរគ្រឿងញៀនវ៉េណេស៊ុយអេឡាដែលសង្ស័យនៅលើដីគោក។
ក្នុងករណីនេះ ក្រសួងទំនាក់ទំនងរបស់ប្រទេសវ៉េណេស៊ុយអេឡា ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយ។