ចំនួនមនុស្សយ៉ាងច្រើនបំផុតក្នុងកំណត់ត្រា កំពុងតែសម្រុកដាក់ពាក្យប្រឡងចូលបម្រើការងារថ្នាក់ជាតិរបស់ប្រទេសចិន នៅចុងសប្តាហ៍នេះ ដែលឆ្លុះបញ្ចាំងពីកំណើននៃការចង់បានមុខងារសាធារណៈ ជាជាងវិស័យឯកជន។

របាយការណ៍ព័ត៌មាននៅថ្ងៃសុក្រ (២៨ វិច្ឆិកា) នេះបានបង្ហាញថា មនុស្សប្រហែល ៣,៧លាននាក់ បានចុះឈ្មោះសម្រាប់ប្រឡងមន្រ្តីរាជការស៊ីវិលនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ ដែលជាតួលេខដ៏ច្រើនជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលបង្កើនដែនកំណត់អាយុសម្រាប់មុខតំណែងមួយចំនួន។ ដែនកំណត់អាយុសម្រាប់បេក្ខជនទូទៅ បានបង្កើនពី ៣៥ឆ្នាំ ទៅ ៣៨ឆ្នាំ ខណៈការកំណត់អាយុសម្រាប់អ្នកដែលមានសញ្ញាបត្រក្រោយថ្នាក់ឧត្តមសិក្សា ត្រូវដំឡើងពី ៤០ឆ្នាំ ទៅ ៤៣ឆ្នាំ។

បេក្ខជនរាប់លាននាក់នោះ នឹងប្រកួតប្រជែងសម្រាប់តំណែងមន្ត្រីស៊ីវិលចំនួន ៣៨.១០០កៅអី នៅទូទាំងប្រទេស ដែលស្មើនឹងជាមធ្យម ៩៧នាក់ ប្រកួតយកការងារ ១តំណែង។ ការងារខ្លះមានតម្រូវការខ្ពស់ជាពិសេស។ យោងតាមទិន្នន័យដែលចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយចិន តំណែងដែលទទួលបានបេក្ខជនច្រើនជាងគេ គឺតួនាទីជាមន្ត្រីអន្តោប្រវេសន៍នៅក្នុងទីក្រុង Ruili នៅខេត្ត Yunnan ភាគនិរតី ដែលមានព្រំប្រទល់ជាប់មីយ៉ាន់ម៉ា។
ទោះបីជាមុខងារសាធារណៈ ជាទូទៅមានប្រាក់ឈ្នួលទាបក៏ដោយ ប៉ុន្តែការងារបែបនេះ ត្រូវប្រជាពលរដ្ឋចិនជាច្រើនប្រាថ្នាចង់បាន ដោយសារតែសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដែលប្រកួតប្រជែងកាន់តែខ្លាំងឡើង។ នៅក្នុងសម័យម៉ៅនិយម មុខងារសាធារណៈបែបនេះត្រូវចាត់ទុកថាជា “ឆ្នាំងបាយ” ជាឃ្លាសំដៅដល់ ការដែលមានការងារពេញមួយជីវិត៕