ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅទូទាំងតំបន់ជាច្រើនរបស់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់យ៉ាងហោចណាស់ ៣២១នាក់ហើយ នៅថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នេះ ដោយអាជ្ញាធរកំពុងធ្វើការ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់ក្នុងទឹកជំនន់នេះ ស្តារថាមពល និងទំនាក់ទំនង ហើយសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈដែលទឹកចាប់ផ្តើមស្រកបណ្ដើរៗ។
តំបន់មួយចំនួនធំរបស់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយព្យុះស៊ីក្លូនអស់រយៈពេលមួយសប្តាហ៍ ដោយព្យុះត្រូពិកដ៏កម្រមួយក៏បានកើតឡើងផងដែរ នៅច្រកសមុទ្រម៉ាឡាកា។
លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅលើកោះស៊ូម៉ាត្រាដែលរងគ្រោះយ៉ាងអាក្រក់ធ្ងន់ធ្ងររបស់ឥណ្ឌូនស៊ី មនុស្សតិចបំផុត ១៧៤នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់នៅថ្ងៃសុក្រនេះ។ ហើយលោកបានបន្ថែមថា ទោះបីជាភ្លៀងបានឈប់ធ្លាក់ហើយក្ដី ក៏មនុស្ស ៧៩នាក់ផ្សេងទៀត នៅតែបាត់ខ្លួន និងរាប់ពាន់គ្រួសារត្រូវបានជម្លៀស។
សម្រាប់ប្រទេសថៃ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្ស ១៤៥នាក់យ៉ាងតិច បានបាត់បង់ជីវិតដោយសារទឹកជំនន់នៅទូទាំងខេត្តចំនួន ៨ នៅភាគខាងត្បូង ដោយបានបន្ថែមថា មនុស្សសរុបជាង ៣,៥លាននាក់ បានរងប៉ះពាល់។ ក្នុងទីក្រុង Hat Yai នៅភាគខាងត្បូងថៃ ដែលជាតំបន់រងគ្រោះខ្លាំងបំផុត ភ្លៀងលែងធ្លាក់ហើយនៅថ្ងៃសុក្រនេះ ប៉ុន្តែអ្នកស្រុកនៅតែលិចលង់ក្នុងជំនន់ទឹកភ្លៀង ហើយមនុស្សជាច្រើននៅតែគ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលពួកគេបានវាយតម្លៃការខូចខាតទ្រព្យសម្បត្តិ កាលពីសប្តាហ៍មុន។
ចំណែកឯនៅប្រទេសជិតខាងម៉ាឡេស៊ី ជាកន្លែងដែលមនុស្ស ២នាក់ត្រូវបានគេបញ្ជាក់ថា ស្លាប់ ព្យុះត្រូពិច Senyar បានបោកបក់ដល់ដីគោកនៅពាក់កណ្តាលអធ្រាត្រ ហើយចាប់តាំងពីពេលនោះមក បានចុះខ្សោយ។ អាជ្ញាធរឧតុនិយម នៅតែត្រៀមខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ហើយបានព្រមានថា រលកទឹកសមុទ្រធំៗ អាចបង្កគ្រោះថ្នាក់ដល់ទូកតូចៗ។
ជាមួយគ្នានេះ អ្នកជម្លៀសខ្លួនសរុបចំនួន ៣០.០០០នាក់ នៅតែជ្រកក្នុងជម្រកបណ្ដោះអសន្ន ដោយចំនួននេះបានធ្លាក់ចុះពីជាង ៣៤.០០០នាក់ កាលពីថ្ងៃព្រហស្បតិ៍៕