មជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាសរុស្ស៊ីនៅប្រទេសកាហ្សាក់ស្ថាន រងការខូចខាត អំឡុងពេលបាញ់បង្ហោះយានចម្លងដឹកអវកាសយានិករុស្ស៊ី និងអាមេរិក ទៅកាន់ស្ថានីយអវកាសអន្តរជាតិ(ISS) ។ នេះបើយោងតាមការអះអាងរបស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ។
បេសកកម្មរួមគ្នារុស្ស៊ី-សហរដ្ឋអាមេរិក Soyuz MS-28 ដែលដឹកអវកាសយានិក Sergey Mikaev និងអវកាសយានិក Sergey Kud-Sverchkov របស់ទីភ្នាក់ងារ Roscosmos និងអវកាសយានិក Chris Williams របស់ទីភ្នាក់ងារ NASA បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះ Baikonur Cosmodrome កាលពីវេលាម៉ោង ១២ និង ២៨នាទី រសៀល ម៉ោងក្នុងស្រុកនៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ។
បន្ទាប់ពីហោះឡើង យានចម្លង Soyuz ត្រូវបានកំណត់ធ្វើដំណើរជុំវិញផែនដី ២ដង មុនពេលចូលចតដោយស្វ័យប្រវត្តិជាមួយនឹងយានអវកាស ISS Rassvet នៅវេលាម៉ោង ១២:៣៨នាទី ម៉ោងសកល យប់ថ្ងៃព្រហស្បតិ៍នេះ ហើយនៅពេលដែលចូលចត អវកាសយានិកនឹងចូលទៅក្នុងស្ថានីយ ISS ជាទីដែលពួកគេនឹងត្រូវចំណាយពេល ៨ខែនៅទីនោះ ។ ការវិលត្រឡប់របស់ពួកគេមកកាន់ផែនដីវិញ គ្រោងនឹងធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០២៦ ។
ក្រោយពិនិត្យមើលមជ្ឈមណ្ឌល Baikonur Cosmodrome បន្ទាប់ពីការបាញ់បង្ហោះ ទីភ្នាក់ងារ Roscosmosបញ្ជាក់ថា ការខូចខាតសមាសធាតុជាច្រើននៅជើងបញ្ឈរ Launchpad ត្រូវបានរកឃើញ ។
ពួកគេបញ្ជាក់ថា សមាសធាតុបម្រុងចាំបាច់ទាំងអស់មាននៅទីនោះ ដើម្បីជួសជុលវាឡើងវិញ ហើយការខូចខាត នឹងធ្វើឲ្យលែងមានក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសរសេរ Blog អវកាសរុស្ស៊ី បានអះអាងថា ការខូចខាតនៅមជ្ឈមណ្ឌល Baikonur Cosmodrome ដែលជាទីតាំងបាញ់បង្ហោះយានអវកាសតែមួយគត់របស់រុស្ស៊ីសម្រាប់បេសកកម្មមានអវកាសយានិក ស្ថិតនៅទីក្រុងជួលរុស្ស៊ី Baikonur ក្នុងប្រទេសកាហ្សាក់ស្ថាន មានសភាពធ្ងន់ធ្ងរជាងក្រុមអាជ្ញាធរអះអាង ៕