បេឡារុស្ស៖ រដ្ឋមន្ត្រីការពារជាតិបេឡារុស្សនិយាយថា សមយុទ្ធរួមជាមួយកងទ័ពប្រទេសរុស្ស៊ីនឹងបន្ត ដោយសារតែភាពតានតឹងកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ សមយុទ្ធដែលត្រូវបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញ បាននាំកងកម្លាំងរុស្ស៊ីច្រើនសន្ធឹកសន្ធាប់ចូលទៅកាន់ប្រទេសបេឡារុស្ស ដែលមានព្រំដែនជាប់ប្រទេសអ៊ុយក្រែនទៅភាគខាងជើង។

វត្តមានរបស់ទាហានរុស្ស៊ីបានបង្កើនការព្រួយបារម្ភថា ពួកគេអាចត្រូវបានប្រើ ដើម្បីវាយប្រហារលើរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែន។ ប្រទេសរុស្ស៊ី និងបេឡារុស្សមានកិច្ចសហប្រតិបត្តិការរឹងមាំ ក្រោមសម្ព័ន្ធភាពមួយហៅថារដ្ឋសហភាព ដែលឈប់ធ្វើសមាហរណកម្មជាក់ស្តែងរបស់ប្រទេសនានា។ រដ្ឋមន្ត្រីការពារជាតិលោក Viktor Khrenin បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសម្រេចបន្តការសាកល្បងកងកម្លាំងឆ្លើយតបរបស់រដ្ឋសហភាព។ កាលពីថ្ងៃអាទិត្យ ការបាញ់ផ្លោងកាំភ្លើងធំរាប់រយគ្រាប់បានផ្ទុះឡើង នៅតាមបណ្តោយខ្សែបន្ទាត់ទំនាក់ទំនងរវាងទាហានអ៊ុយក្រែន និងក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី ហើយមនុស្សរាប់ពាន់នាក់បានជម្លៀសខ្លួនចេញពីភាគខាងកើតប្រទេសអ៊ុយក្រែន។
មេដឹកនាំប្រទេសលោកខាងលិចបានព្រមានថា រុស្ស៊ីត្រៀមវាយប្រហារប្រទេសជិតខាងរបស់ខ្លួន ដែលត្រូវបានឡោមព័ទ្ធដោយទាហានរុស្ស៊ីប្រមាណ ១៥០,០០០នាក់ យន្តហោះចម្បាំង និងគ្រឿងយុទ្ធោបករណ៍។ រុស្ស៊ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរកាលពីថ្ងៃសៅរ៍ ក៏ដូចជាសមយុទ្ធធម្មតានៅក្នុងប្រទេសបេឡារុស្ស និងបានធ្វើសមយុទ្ធកងទ័ពជើងទឹកដែលកំពុងបន្តនៅសមុទ្រខ្មៅ៕
អត្ថបទ៖ ប៊ុនថន