ក្រុមបាល់ទាត់ហង្សក្រហម Liverpool រកបានបីពិន្ទុវិញក្រោយធ្លាក់ចុះទម្រង់លេងជិតពីរខែចុងក្រោយ តាមរយៈជ័យជំនះនៅទឹកដី West Ham ២-០។
កីឡាករនាំលេងរបស់ក្រុម Mohamed Salah ត្រូវបានទម្លាក់ឱ្យអង្គុយកៅអីបម្រុងលើកដំបូងរាប់តាំងពីខែមេសាឆ្នាំ ២០២៤ ស្របពេលដែល Alexander Isak រកបានគ្រាប់បាល់នៅ Premier League ដំបូងតាំងពីផ្លាស់ពី Newcastle។
ខ្សែប្រយុទ្ធស៊ុយអែតដែលផ្ទេរពី Newcastle ក្នុងតម្លៃ ១២៥ លានផោននៅថ្ងៃចុងក្រោយនៃទីផ្សារទិញដូរកីឡាករនោះ រកបានគ្រាប់នាំមុខឱ្យ Liverpool នៅនាទីទី ៦០ មុនពេលដែល Cody Gakpo រកបានគ្រាប់បាល់ធានាជ័យជំនះនៅនាទីទី ៩០+២។
នេះជាជ័យជំនះទី ៧ ក្នុងចំណោម ១៣ ប្រកួតរបស់ Liverpool នៅ Premier League រដូវកាលនេះឡើងមកឈរលេខ ៨ មាន ២១ ពិន្ទុស្មើក្រុមលេខពីរ Manchester United។
ក្រុមរបស់លោក Ruben Amorim បានវាយបកយកឈ្នះនៅទឹកដី Crystal Palace ២-១ ថ្ងៃអាទិត្យម្សិលមិញផងដែរ សម្រេចបានដោយគ្រាប់បាល់របស់ Joshua Zirkzee និង Mason Mount វាយបកពីការនាំមុខរបស់ Marteta ដែលស៊ុតដោយបាល់ ១១ ម៉ែត្រ។
ងាកមកជំនួបនៅទីក្រុងឡុងដ៍ Chelsea និង Arsenal បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។
Chelsea សល់គ្នាតែ ១០ នាក់នៅពេល Moises Caicedo ទទួលបានកាតក្រហមនៅនាទីទី ៣៨ តែរកបានគ្រាប់នាំមុខមុនដោយការតែតបញ្ចូលទីរបស់ Trevoh Chalobah មុនពេលដែល Mikel Merino តែតតាមស្មើឱ្យ Arsenal ១១ នាទីក្រោយមក។
យោងតាមលទ្ធផលនេះ Arsenal នៅតែនាំមុខគេដដែលតែកាត់បន្ថយមកត្រឹម ៥ ពិន្ទុពីក្រុមលេខពីរ Manchester City ខណៈ Chelsea លេខបីតាមពីក្រោយក្រុមនាំមុខ ៦ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ




