រយៈពេល៤ថ្ងៃ នៃព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រ នៅស្រុកគិរីសាគរ ខេត្តកោះកុង មានភ្ញៀវទេសចរសរុប៣ម៉ឺននាក់ បានចាប់អារម្មណ៍ទៅទស្សនាកម្សាន្ត ក្រោមបរិយាកាសលើកស្ទួយទាក់ទាញវិស័យកីឡា និងទេសចរណ៍។
ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណជា៣ម៉ឺននាក់ បានចាប់អារម្មណ៍នាំគ្នាសម្រុកទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករនៅព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រ។
លោក លី ម៉េងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខូលថល ស៊ីធី បានឱ្យដឹងក្នុងពិធីបិទព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រ យប់ថ្ងៃទី៣០ ខែវិច្ឆិកា ថា រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកដីដ៏ស្រស់ស្អាតនៃតារាសាគរ បានប្រែជាមានភាពរស់រវើកយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមក ដោយសារវត្តមានរបស់ ថ្នាក់ដឹកនាំ និងភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងអស់។ យើងបានរួមគ្នាធ្វើជាសាក្សីនៃការប្រណាំងប្រជែងល្បឿន និងភាពរំភើបរបស់កីឡាករដែលបានពុះជ្រែករលកសមុទ្រក្រោមផ្ទៃមេឃពណ៌ខៀវក្នុងការប្រកួតម៉ូតូទឹក, យើងបានទទួលបទពិសោធន៍នៃភាពអត់ធ្មត់ និងបញ្ញាវៀងវៃក្នុងការប្រកួតស្ទូចត្រី និងរីករាយជាមួយផលដែលទទួលបាន។
លោក លី ម៉េងឈិន បានបន្តទៀតថា ពេលព្រឹកព្រលឹម មានការរត់ប្រណាំងពាក់កណ្តាលម៉ាឡាតុង និងការប្រកួតជិះកង់ បានប្រើប្រាស់ជំហានជើងដើម្បីវាស់វែងសម្រស់អេកូឡូស៊ីនៃតារាសាគរ និងបង្ហាញពីស្មារតីកីឡាដែលហ៊ានយកឈ្នះលើខ្លួនឯង និងមិនបោះបង់។ ដូច្នេះលោក ចាត់ទុកថា សកម្មភាពដ៏សម្បូរបែបទាំងនេះ មិនត្រឹមតែបង្ហាញពីភាពទាក់ទាញនៃការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងបានបកស្រាយយ៉ាងល្អឥតខ្ចោះនូវសក្តានុពលធំធេងនិងគ្មានដែនកំណត់នៃកីឡា និងទេសចរណ៍ ដែលធ្វើឱ្យអ្នកចូលរួមគ្រប់រូបដក់អារម្មណ៍យ៉ាងជ្រាលជ្រៅពីភាពស្រស់ស្អាត និងបរិយាកាសល្អឯកនៃតារាសាគរ ក្នុងនាមជាគោលដៅទេសចរណ៍លំហែជាប់មាត់សមុទ្រលំដាប់ថ្នាក់ពិភពលោកមួយ។
លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខូលថល ស៊ីធី ក៏បានរំលេចដែរថា ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃគម្រោងតារាសាគរ គឺជាសក្ខីភាពយ៉ាងច្បាស់នៃចំណងមិត្តភាព ដែកថែប ដ៏យូរអង្វែងរវាងកម្ពុជា និងចិន។ ក្រោមការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាងគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ របស់ប្រទេសចិន និងកម្ពុជា លោកពិតជាមានសំណាងណាស់ដែលបានក្លាយជាអ្នកចូលរួមចំណែកនៅក្នុងដំណើរការប្រវត្តិសាស្ត្រ។
ដោយឡែកលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានខិតខំលើកកម្ពស់ និងជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយក្រសួងទេសចរណ៍ បានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាព ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន សំដៅឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ “ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ” សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកល ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។
លោកជំទាវអភិបាលខេត្ត បង្ហាញថា ខេត្តកោះកុង ជាខេត្តមួយ សម្បូរទៅដោយតំបន់ទេសចរណ៍ដែលមានសក្តានុពល រួមមាន៖ តំបន់សមុទ្រ កោះ ឆ្នេរ ព្រៃភ្នំ ទឹកជ្រោះ និងរីសត រមណីយដ្ឋាននានាជាច្រើន និងមានក្រុមហ៊ុនតូចធំជាច្រើន បាននិងកំពុងបណ្តាក់ទុនវិនិយោគ លើការផ្តល់ផលិតផលសេវាកម្មទេសចរណ៍៕









