ឧត្តមសេនីយ៍ឯក Yousef Huneiti នាយសេនាធិការចម្រុះហ្ស៊កដានី បានជួបជាមួយសមភាគីជប៉ុន គឺឧត្តមសេនីយ៍ Hiroaki Uchikura នៅទីក្រុងអាម៉ាន (Amman) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅទីបញ្ជាការដ្ឋានអគ្គបញ្ជាការ បានផ្តោតលើការបណ្តុះបណ្តាលយោធា ការផ្លាស់ប្តូរជំនាញរវាងហ្ស៊កដានី និងជប៉ុន និងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលមាន ផលប្រយោជន៍ទៅវិញទៅមក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Petra លោក Huneiti បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី ក្នុងការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា តាមរយៈជំនួយ សង្គ្រោះ ការថែទាំសុខភាព និងជំនួយស្បៀងអាហារ ក៏ដូចជាបេសកកម្មរបស់ខ្លួន ក្នុងការបង្កើនសន្តិសុខក្នុងតំបន់។
លោកបានសរសើរទំនាក់ទំនងដ៏រឹងមាំរវាងហ្ស៊កដានី និងជប៉ុន ហើយបាននិយាយថា ភាពជាដៃគូការពារជាតិរបស់ពួកគេគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសន្តិសុខសកល។
សារព័ត៌មាន Petra បានបន្ថែមថា លោក Uchikura បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយហ្ស៊កដានី ជាពិសេសក្នុងការបណ្តុះបណ្តាល និងការផ្លាស់ប្តូរជំនាញ៕
