លោកស្រីអនុប្រធានាធិបតី Delcy Rodriguez បានថ្លែងថា ប្រទេសវ៉េណេស៊ុយអេឡាប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់សហរដ្ឋអាមេរិក ហើយនឹងការពារធនធានថាមពលធម្មជាតិរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីតាមអនឡាញរបស់អង្គការ OPEC+ លោកស្រី បានអានសុន្ទរកថារបស់ប្រធានាធិតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ទៅកាន់អគ្គលេខាធិការ OPEC លោក Haitham Al Ghais និង OPEC និងប្រទេសដែលមិនមែនជាសមាជិក OPEC។ សេចក្តីថ្លែងការណ៍នេះបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់សហរដ្ឋអាមេរិក ដែលផ្តោតលើ «ទុនបំរុងប្រេងដ៏ធំសម្បើមចំនួនរបស់វ៉េណេស៊ុយអេឡា ដែលធំជាងគេបំផុតនៅលើភពផែនដី តាមរយៈកម្លាំងយោធាដ៏មោះមុតប្រឆាំងនឹងទឹកដី ប្រជាជន និងស្ថាប័នរបស់ប្រទេសនេះ»។

យោងតាមសេចក្តីថ្លែងការណ៍នេះ វ៉េណេស៊ុយអេឡា នឹងការពារយ៉ាងរ៉ឹងមាំនូវធនធានថាមពលធម្មជាតិរបស់ខ្លួន» ហើយនឹងមិនចុះចាញ់នឹងការគំរាមកំហែង និងសម្ពាធរបស់សហរដ្ឋអាមេរិកឡើយ។ ប្រទេសនេះ ក៏អំពាវនាវឲ្យគាំទ្រការតស៊ូប្រឆាំងនឹងសម្ពាធពីខាងក្រៅផងដែរ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅថ្ងៃទី ២៩ ខែវិច្ឆិកាថា លោកបានបិទដែនអាកាសលើប្រទេសវ៉េណេស៊ុយអេឡា។ លោកបានសរសេរនៅលើវេទិកានៃប្រព័ន្ធផ្សព្វផ្សាយសង្គមTruth Social របស់លោកថា៖«ក្រុមហ៊ុនអាកាសចរណ៍ អ្នកបើកយន្តហោះ អ្នកជួញដូរគ្រឿងញៀន និងអ្នកជួញដូរមនុស្ស»ទាំងអស់ គួរតែពិចារណាដែនអាកាសលើ និងជុំវិញប្រទេសវ៉េណេស៊ុយអេឡាថា «ត្រូវបានបិទទាំងស្រុង»៕
