លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy បាននិយាយថា អាទិភាពរបស់ទីក្រុងគីវ ក្នុងការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីគឺការរក្សាអធិបតេយ្យភាពរបស់អ៊ុយក្រែន និងការធានាសន្តិសុខដ៏រឹងមាំ។

ប្រភពពីសេតវិមានបានបញ្ជាក់ថា កូនប្រសាររបស់លោក Trump គឺលោក Jared Kushner និងប្រេសិតពិសេសអាមេរិក លោក Steve Witkoff គ្រោងជួបគ្នាជាមួយលោក Vladimir Putin នៅថ្ងៃអង្គារនេះ ក្នុងទីក្រុង មូស្គូ ខណៈលោក Trumpកំពុងពន្លឿនបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន។

លោក Zelenskyy បាននិយាយថា រឿងទឹកដីគឺជាបញ្ហាពិបាកបំផុត ខណៈរុស្ស៊ីបន្តទាមទារឱ្យអ៊ុយក្រែនបោះបង់ចោលតំបន់មួយចំនួននៃតំបន់ Donbas ភាគខាងកើតដែលខ្លួននៅតែកាន់កាប់ ដោយទីក្រុងគីវ អះអាងថាខ្លួននឹងមិនប្រគល់ឲ្យទៅរុស្ស៊ីជាដាច់ខាត។
លោកបានថ្លែងបែបនេះបន្ទាប់ពីជួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅទីក្រុងប៉ារីស ជាទីដែលលោកបានចូលរួមក្នុងការសន្ទនាតាមទូរស័ព្ទជាមួយក្រុមមេដឹកនាំអឺរ៉ុប រួមទាំងមេដឹកនាំនៃចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ និងអ៊ីតាលី។
ទន្ទឹមនឹងនេះ ក្រុមអ្នកចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃនៅរដ្ឋ Florida ខណៈពួកគេធ្វើការកែសម្រួលផែនការសន្តិភាពដែលត្រូវបានចាត់ទុកថាបំញេញចិត្តរុស្ស៊ី។

សេតវិមានបានបញ្ចេញមតិវិជ្ជមានលើកិច្ចចរចាកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដោយអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា រដ្ឋបាលអាមេរិកមានអារម្មណ៍សុទិដ្ឋិនិយមខ្លាំង អំពីកិច្ចព្រមព្រៀងដែលកំពុងត្រូវបានសម្រេចដើម្បីបញ្ចប់សង្គ្រាមនេះ៕