ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការដណ្តើមយកទីក្រុង Pokrovsk ដ៏សំខាន់របស់អ៊ុយក្រែនបាន នឹងអនុញ្ញាតឱ្យយោធារបស់ទីក្រុងមូស្គូ បន្តភារកិច្ចរបស់ខ្លួននៅក្នុងប្រតិបត្តិការយោធាពិសេស ដោយការវាយរុលទៅមុខបន្ថែមទៀតនៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទ (១ ធ្នូ)។

សេចក្ដីរាយការណ៍បានស្រង់សម្ដីលោក Putin ដែលបានលើកឡើងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប៉ុស្តិ៍បញ្ជាការមួយកាលពីថ្ងៃអាទិត្យថា "នេះគឺជាទិសដៅដ៏សំខាន់មួយ ហើយនឹងធានានូវដំណោះស្រាយដែលកំពុងបន្ត ក្នុងភារកិច្ចដែលរុស្ស៊ីបានកំណត់នៅដើមដំបូងនៃប្រតិបត្តិការយោធាពិសេស"។

លោក Putin បន្តថា "កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងឈរជើងដោយទំនុកចិត្ត និងបន្តអនុវត្តភារកិច្ចនៃប្រតិបត្តិការ ខណៈកំពុងរុលទៅមុខស្ទើរតែគ្រប់ទិសដៅ"។ លោកបន្ថែមថា អ៊ុយក្រែនមិនអាចតបត ចំពោះការឈានទៅមុខរបស់យោធារុស្ស៊ីបានទេ ហើយលោកបានលើកពីភាពជោគជ័យនៅចុងភាគខាងត្បូងនៃតំបន់ Zaporizhzhia។
នៅក្នុងសុន្ទរកថានោះ មេដឹកនាំវិមានក្រឹមឡាំងរូបនេះក៏បានពិពណ៌នាអំពីការខាតបង់យ៉ាងធ្ងន់ធ្ងររបស់កងកម្លាំងអ៊ុយក្រែនក្នុងការប្រយុទ្ធថាជា "សោកនាដកម្មរបស់ភាគីអ៊ុយក្រែន"។

ផលចំណេញក្នុងសមរភូមិនេះ បានកើតឡើងស្របពេលរបាយការណ៍មួយកាលពីថ្ងៃចន្ទដដែលនោះ នៅពេលមេបញ្ជាការយោធាបានរាយការណ៍ប្រាប់លោក Putin ថា កងកម្លាំងរុស្ស៊ី ដណ្តើមបានទីប្រជុំជនជួរមុខមួយចំនួនទៀតហើយរបស់អ៊ុយក្រែន នោះគឺភូមិនៅក្នុងក្រុង Pokrovsk និង Vovchansk ហើយក៏កំពុងតែវាយរុលទៅមុខនៅចំណុចផ្សេងទៀត៕