ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីដ៏សាហាវនៅទូទាំងតំបន់អាស៊ី បានកើនឡើងដល់ ១.១៦០ នាក់គិតត្រឹមថ្ងៃចន្ទទី១ធ្នូសប្ដាហ៍នេះ ខណៈប្រទេសស្រីលង្កា និងឥណ្ឌូនេស៊ី ដែលរងគ្រោះខ្លាំងបំផុតបានដាក់ពង្រាយបុគ្គលិកយោធាដើម្បីជួយអ្នករស់រានមានជីវិត។

ប្រព័ន្ធអាកាសធាតុដាច់ដោយឡែកបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងបន្តធ្លាក់មកលើកោះស្រីលង្កា និងផ្នែកធំៗនៃកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី ភាគខាងត្បូងប្រទេសថៃ និងភាគខាងជើងប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុន។
នៅប្រទេសថៃចំនួនអ្នកស្លាប់មានត្រឹម១៧៦នាក់ដដែលគិតមកដល់ថ្ងៃអង្គារទី២ធ្នូសប្ដាហ៍នេះ ។

គិត្រឹមថ្ងៃចន្ទ ១ ធ្នូសប្ដាហ៍នេះដែរ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានបង្កើនចំនួនអ្នកស្លាប់សរុបនៃគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីទ្រង់ទ្រាយធំនៅលើកោះស៊ូម៉ាត្រាដល់៦០៤នាក់។លោកប្រធានាធិបតីឥណ្ឌូនេស៊ីPrabowo កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងដើម្បីប្រកាសអាសន្នជាតិឆ្លើយតបទៅនឹងទឹកជំនន់ និងបំណាក់ដីដែលសម្លាប់មនុស្ស ជាង៦០០នាក់ និងជិត៤៧០ នាក់នៅតែបាត់ខ្លួន។

នៅទូទាំងព្រំដែននៅប្រទេសម៉ាឡេស៊ី ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំងក៏បានជន់លិចតំបន់ធំៗជាច្រើនផងដែរនៅក្នុងរដ្ឋ Perlis ដែលបានបណ្ដាលឲ្យមនុស្សពីរនាក់បានស្លាប់។
មន្ត្រីស្រីលង្កាបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ៣៩០ នាក់បានស្លាប់ និងមនុស្ស ៣៥២ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។
លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា នេះគឺជាការរំលឹកមួយទៀតអំពីរបៀបដែលការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យមានព្រឹត្តិការណ៍អាកាសធាតុកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ជាមួយនឹងផលប៉ះពាល់ដ៏មហន្តរាយ។
តំបន់ភាគច្រើននៅអាស៊ីកំពុងស្ថិតក្នុងរដូវវស្សា ប៉ុន្តែការប្រែប្រួលអាកាសធាតុកំពុងបង្កើតព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំង និងព្យុះដ៏ខ្លាំងក្លា៕