បាល់ទាត់៖ នគរបាលអង់គ្លេសបានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា មនុស្ស ៩នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីការប្រកួតកាលពីយប់ថ្ងៃអាទិត្យដែល Manchester United យកឈ្នះនៅទឹកដី Leeds United ៤-២។ កីឡាកររបស់ក្រុមបិសាចក្រហម Manchester United, Anthony Elanga ត្រូវបានអ្នកគាំទ្រគប់ចំក្បាលពេលអបអរគ្រាប់បាល់របស់ Fred។

បើតាមកាមេរ៉ាសុវត្ថិភាព នគរបាលទីក្រុង Yorkshire បញ្ជាក់ថា អ្នកដែលបង្កហេតុអាចនឹងត្រូវពិន័យជាទឹកប្រាក់ និងឈានដល់ការហាមមិនឱ្យចូលមើលបាល់ទាត់ពេញមួយជីវិតទៀតផង។ ការបង្កបញ្ហាដោយអ្នកគាំទ្រត្រូវបានគេគិតថា ដោយសារ Leeds United និង Manchester United ជាក្រុមគូសត្រូវនឹងគ្នាតាំងពីប្រវត្តិសាស្ត្រមក និងមួយទៀតត្រូវបានគេគិតថា ជាការរើសអើងជាតិសាសន៍ផងដែរ។ ទាំង FA និងអ្នកចាត់ក្លិបទាំងពីរលោក Marcelo Bielsa និង Ralf Rangnick បានថ្កោលទោសចំពោះអ្នកដែលបានបង្កហេតុការណ៍នេះ។ Manchester United បានយកឈ្នះនៅទឹកដី Leeds United ៤-២ ដោយពីរគ្រាប់ជ័យជំនះចុងក្រោយរបស់ Fred និង Anthony Elanga៕
អត្ថបទ៖នាង សុភាវុធ