បន្ទាប់ពីប្រកួតស្មើគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦ នឹងធ្វើការប្រកួតកាត់សេចក្ដីជើងទី២ នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ។
ជំនួបកាត់សេចក្ដីនេះ រួមមានក្រុមការពារតំណែងជើងឯកសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែលជាជើងឯករងឆ្នាំចាស់ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ នាវេលាម៉ោង ៣៖១៥នាទីរសៀលដូចគ្នា។
នេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមនីមួយៗ ត្រូវក្ដោបឱកាសទៅប្រជែងពានសម្ដេចតេជោ-ថ្នាក់ខេត្ត។ កាលពីជើងទី១ បេក្ខភាពទាំងបួន សុទ្ធតែធ្វើបានយ៉ាងល្អ ដោយបញ្ចប់ជាមួយលទ្ធផលស្មើគ្នាទាំង ២ប្រកួត ក្នុងនោះសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានស្មើក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១-១ ខណៈភ្នំពេញហ្គាឡាក់ស៊ី បានស្មើម្ចាស់ផ្ទះឡាយអ៊ិនឃីងខេត្តសៀមរាប ០-០។
ក្រោយបញ្ចប់ការប្រកួតនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ។ ដូច្នេះចាំមើលរវាងក្រុមការពារតំណែងជើងឯក និងបេក្ខភាព ៣ក្រុមផ្សេងទៀត តើក្រុមណាខ្លះ នឹងបានឡើងទៅវគ្គដ៏សំខាន់នេះ? អត្ថបទ លី ឈុនឡា
