ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលលោកធ្វើជាអធិបតីថា ការវាយប្រហារលើនាវាដឹកប្រេងដែលបានធ្វើឡើង កាលពីចុងសប្តាហ៍មុន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសទួរគី បង្ហាញពីការកើនឡើងភាពតានតឹងគួរឲ្យព្រួយបារម្ភ។ ព្រឹត្តិការណ៍នេះ ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍ TRT Haber។

លោក អឺដូហ្កាន់ បាននិយាយថា៖«ការវាយប្រហារលើនាវាដឹកទំនិញនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង បង្ហាញពីការកើនឡើងភាពតានតឹងគួរឲ្យព្រួយបារម្ភ។ យើងមិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារទាំងនេះ តាមមធ្យោបាយណាមួយឡើយ ដែលគំរាមកំហែងដល់សុវត្ថិភាពនៃការដឹកជញ្ជូន ជីវិត និងបរិស្ថាន»។

ប្រធានាធិបតីទួរគីរូបនេះ បានបញ្ជាក់ថា៖«យើងកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃសប្តាហ៍ថ្មីៗនេះ ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយនៅគ្រប់កាលៈទេសៈ យើងប្រកាសពីការត្រៀមខ្លួនរបស់យើង ដើម្បីធ្វើការរួមចំណែកចាំបាច់ ដើម្បីបញ្ចប់ជម្លោះនេះ»៕