អត្ថបទបែបវិភាគរបស់សារព័ត៌មានរ៉យទ័រ បានចេញផ្សាយនៅថ្ងៃអង្គារ (២ ធ្នូ) នេះថា ការជំរុញកាន់តែខ្លាំងក្លារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បានបង្កក្ដីកង្វល់នៅអឺរ៉ុបថា លទ្ធភាពនៃកិច្ចព្រមព្រៀងមួយ — ដែលមិនយូរមិនឆាប់នឹងអាចកើតឡើង— នឹងមិនដាក់ទណ្ឌកម្ម ឬធ្វើឱ្យរុស្ស៊ីចុះខ្សោយដូចដែលខ្លួនរំពឹងទុកនោះទេ ដែលបែបនេះ អាចធ្វើឱ្យសន្តិសុខរបស់អឺរ៉ុប ស្ថិតក្នុងហានិភ័យកាន់តែខ្លាំង។

អឺរ៉ុប ក៏ប្រហែលជាត្រូវតែបង្ខំចិត្តទទួលយកនូវភាពជាដៃគូសេដ្ឋកិច្ចកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកការពាររបស់ខ្លួនក្នុងសម្ព័ន្ធយោធាណាតូ ខណៈរដ្ឋាភិបាលអឺរ៉ុបភាគច្រើន និងអង្គការណាតូផ្ទាល់ តែងនិយាយថា រុស្ស៊ីគឺជាការគំរាមកំហែងធំបំផុតចំពោះសន្តិសុខអឺរ៉ុប។

ទោះបីជាអ៊ុយក្រែន និងអឺរ៉ុប អាចកែប្រែផ្នែកខ្លះនៃផែនការសន្តិភាព ២៨ចំណុច របស់អាមេរិក ដើម្បីបញ្ចប់ជម្លោះរុស្ស៊ីក៏ដោយ ក៏កិច្ចព្រមព្រៀងណាមួយទំនងជានៅតែមានហានិភ័យធំសម្រាប់ទ្វីបនេះ។
សមត្ថភាពរបស់អឺរ៉ុប ក្នុងការជះឥទ្ធិពលលើកិច្ចព្រមព្រៀងមួយ នៅមានកម្រិតនៅឡើយ ដោយសារខ្លួនមិនមែនជាអ្នកកំណត់លក្ខខណ្ឌ។ អឺរ៉ុប ពុំមានអ្នកតំណាងចូលរួមក្នុងកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងអ៊ុយក្រែននៅរដ្ឋ Florida កាលពីចុងសប្តាហ៍កន្លងទៅទេ ហើយក៏បានត្រឹមតែឈរមើលពីចម្ងាយប៉ុណ្ណោះ ក្នុងជំនួបរវាងប្រេសិតពិសេសអាមេរិក Steve Witkoff ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃអង្គារនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ភាគីអឺរ៉ុប នឹងមានវត្តមានក្នុងការពិភាក្សាពីតួនាទីរបស់អង្គការណាតូ និងសហភាពអឺរ៉ុប ក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ។ ប៉ុន្តែក្រុមអ្នកការទូតអឺរ៉ុបនិយាយថា ទោះជាបែបនេះក្ដី គ្រប់ទិដ្ឋភាពនៃកិច្ចព្រមព្រៀងមួយនឹងប៉ះពាល់ដល់អឺរ៉ុប - រាប់ចាប់ពីលទ្ធភាពសម្បទានទឹកដី រហូតដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាមេរិក-រុស្ស៊ី៕

