ប្រភពចំនួន ២ ដែលដឹងពីផែនការនេះ បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែធ្នូ បន្ទាប់ពីលោកបានលុបចោលដំណើរដែលបានគ្រោងទុកនេះភ្លាមៗ កាលពីខែតុលា ខណៈដែលទីក្រុងប៉េកាំងប្រឹងប្រែងទប់ទល់នឹងការអំពាវនាវរបស់អឺរ៉ុបឲ្យ «កាត់បន្ថយហានិភ័យ» ពាក់ព័ន្ធនឹងសេដ្ឋកិច្ចចិន។
សហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យជំហរពាណិជ្ជកម្មរបស់ខ្លួនកាន់តែម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងប្រទេសចិន នៅខែក្រោយ ដោយមានសញ្ញាបង្ហាញថា អាល្លឺម៉ង់ដែលជាសមាជិក និងប្រទេសសេដ្ឋកិច្ចធំជាងគេរបស់ EU កំពុងស្របនឹងចំណាត់នេះ ហើយថា ប្លុកដែលមានសមាជិក ២៧ប្រទេសនេះ អាចនឹងរួបរួមគ្នាគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរគោលនយោបាយ ដែលធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូពាណិជ្ជកម្មដែលមានគំនិតដូចគ្នា។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដ៏មិនគួរឲ្យជឿ នៅក្នុងទំនាក់ទំនងជាមួយទីក្រុងប៊ែរឡាំង ចាប់តាំងពីមានការមិនចុះសម្រុងគ្នា ជុំវិញការទប់ស្កាត់ការនាំចេញរបស់ចិនបន្ទះឈីប និងរ៉ែកម្រ រហូតដល់នាំឲ្យលោក Wadephul លុបចោលដំណើរទស្សនកិច្ចរបស់លោក។
ចាប់តាំងពីពេលនោះមក មន្ត្រីលំដាប់ទី២ របស់ចិន គឺលោក Li Qiang បានជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅក្រៅកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) នៅអាហ្វ្រិកខាងត្បូង ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បានអង្គុយពិភាក្សាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន គឺលោកឧបនាយកនាយករដ្ឋមន្ត្រី He Lifeng៕