ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីននិយាយថា នៅថ្ងៃអង្គារនេះ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មានម្នាក់ និងបុរសម្នាក់នៅជិតជំរំជនភៀសខ្លួនក្នុងតំបន់ហ្កាហ្សា ហើយនិងបានបាញ់សម្លាប់ជនជនវាយប្រហារប៉ាឡេស្ទីនសង្ស័យ ២នាក់ទៀត នៅតំបន់កាន់កាប់វ៉េសប៊ែងដែលចង់បានខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារ ២លើក បណ្តាលឲ្យរបួសជនជាតិអ៊ីស្រាអែល ៣នាក់ ។
វាគឺជាការផ្ទុះអំពើហិង្សាចុងក្រោយនៅដែនដីប៉ាឡេស្ទីន ធ្វើឲ្យមានក្តីបារម្ភថា ភាពរំជើបរំជួលនេះ អាចនឹងនាំឲ្យអន្តរាយដល់បទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្កាហ្សា ។
ក្រុមមន្រ្តីនៅមន្ទីរពេទ្យ Nasser ដែលទទួលសាកសពជនប៉ាឡេស្ទីននិយាយថា ការវាយប្រហារយានដ្រូនអ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មានម្នាក់នៅភាគខាងត្បូងតំបន់ហ្កាហ្សានាថ្ងៃអង្គារនេះ ។
មន្ទីរពេទ្យនិយាយថា អ្នកសារព័ត៌មាន Mohamed Wadi ដែលធ្លាប់ថតដោយប្រើប្រាស់យានដ្រូន ត្រូវបានសម្លាប់នៅទីក្រុងភាគខាងត្បូង Khan Younis ។
ជម្លោះនៅតំបន់ហ្កាហ្សា បណ្តាលឲ្យអ្នកសារព័ត៌មានប៉ាឡេស្ទីនយ៉ាងច្រើនបានស្លាប់ ពេលដែលពួកគេកំពុងបំពេញការងារនៅតាមតំបន់ជួរមុខ ។
នៅថ្ងៃអង្គារនេះដែរ បុរសម្នាក់នៅតំបន់ហ្កាហ្សា ត្រូវបានបាញ់សម្លាប់នៅជិតតំបន់ភាគខាងកើតជំរំជនភៀសខ្លួន Bureij ស្ថិតនៅកណ្តាលតំបន់ហ្កាហ្សា ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីនជាង ៣៥០នាក់ ត្រូវបានសម្លាប់នៅទូទាំងដែនដីមួយនេះ ចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី ១១ ខែតុលា ដែលញ្ឈប់សង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស ។
យោធាអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេចំពោះករណីស្លាប់ជនប៉ាឡេស្ទីននេះ ប៉ុន្តែពួកគេនិយាយថា ការសម្លាប់តែងតែធ្វើឡើងជាការឆ្លើយតបនឹងការបាញ់ប្រហារមកលើកងកម្លាំងរបស់ពួគគេពីសំណាក់ក្រុមជីវពល ៕